លោក​ អាត់ ខែម​ ស្នងការនគរ​បាលខេត្ត​បន្ទាយមានជ័យប្រ​ហែលទទួល​បាន​ផលប្រយោជ​ន៍ពីល្បែង​ស៊ីស​ង?

ប្រភព​ពី​ពលរដ្ឋ​ក្នុងភូមិ​ចំការ​គ  ឃុំ​ស្លក្រាម បាន​ឲ្យ​ដឹងថា​អ្នកមាន​ញៀន​ល្បែង​បញ្ជល់មាន់​ ហើយ​មកលេង​ល្បែង​ ភាគច្រើន​ជាម​ន្ត្រី​យោធា​នគរបាល  អាវុធហត្ថ  និង​មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម  ព្រោះ​បច្ចុប្បន្ន​អំពើចោរកម្ម​និង​ បទល្មើស​ផ្សេងៗ ​កំពុង​រាលដាល​យ៉ាងខ្លាំង ​នៅ​ខេត្តឧត្ដរមានជ័យ​។  ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នោះទេ​។ បើ​បណ្ដែតបណ្ដោយ​តទៅទៀត​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នឹង​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ស្រុក​ស្វាយចេក ក្រុង​ប៉ោយប៉ែត និង​បណ្ដា​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​ច្រើនបែប​ច្រើន​យ៉ាងនោះ ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​រិះគន់ថា បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​រាលដាល​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​នៅ​ក្រុង​ប៉ោយប៉ែត មាន​ល្បែងស៊ីសង​ជាច្រើន​កន្លែង​ដូចជា ល្បែង​បញ្ជល់មាន់ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​កន្ទុយលេខ​ជាដើម ហើយ​បន​ល្បែង​ខ្លះ​មាន​មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ចេញមុខ​កាង​យ៉ាង​ក្រអឺតក្រទម​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក អាត់ ខែម ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនោះ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

​ប្រភពពី​ពលរដ្ឋ​រស់នៅ​ភូមិ​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយ​ជ័យ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ ហើយ​ដំណើរការ​យ៉ាង​រលូន​ដោយ​មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ស្វាយចេក និង​អធិការនគរបាល​ស្រុក​ស្វាយចេក បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មោះ រដ្ឋា បើក​សង្វៀន​បញ្ជល់មាន់​នៅក្នុង​ឃុំ​ស្លក្រាម ដែល​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តូចតាច​ក្នុង​ឃុំ​ស្លក្រាម បាន​បង្ហើប​ឲ្យ​ដឹងថា មាន​មន្ត្រី​អាវុធហត្ថ​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ គឺជា​អ្នកកាង​សង្វៀន​បញ្ជល់មាន់​នោះ​តែម្តង​។​

​ ​តាម​ការអះអាង​របស់​ពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ទំនង​ឈ្មោះ រដ្ឋា មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ទើប​អាច​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ភូមិ​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក យ៉ាង​រលូន​។ សមត្ថកិច្ចនៅក្នុង​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ពួកគាត់​តែង​ឃើញ​ឈ្មោះ រដ្ឋា បង្ហាញមុខ​នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់​ខាងលើ ហើយ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឈ្មោះ ជា រដ្ឋា ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ អោយ​ប្រសិទ្ធភាព​៕

22811626_377703792650587_1865654021_n1