មេឈ្មួញ​ សឹង​ សំអុលដឹក​ជញ្ជូន​ឈើទៅ​ស្រុកល​ក់​យួន

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជា​សហគមន៍​ការពារ​ព្រៃ ឈើ​ក្នុងស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី  បាន​បញ្ជាក់ថា​នៅ ក្នុង​បរិវេណ​ដី ​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ ខេ​សាន់ របស់​មេ​ឈ្មួញ  សឹង សំអុល គ្មាន​នៅសល់​ ឈើ​សម្រាប់​កាប់​ ធ្វើ​អាជីវកម្ម ​ទៀតឡើយ​។  ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល  ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ ចេញពី​ស្រុក​កោះ​ ញែក ខេត្តមណ្ឌល គិរី ចូលទៅ​ស្រុក​ស្នួល  ខេត្តក្រចេះ គឺជា​ឈើ​កាប់​នៅ ក្នុង​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ព្រេច ក៏ដូចជា​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​នៅក្នុង​ស្រុក​កោះ​ញែក ជាពិសេស​ក្នុង​ឃុំ​សុខសាន្ត​។ ការដែល​មេ​ឈ្មួញ សឹង សំអុល អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ដែល​គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

រយៈពេល​ប្រមាណ​៣​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល បាន​កាប់​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ហើយ​គ្មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះដែរ​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​បន្ត​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ក្រអឺតក្រទម​។ បើទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​រហូតមក​ដល់ពេលនេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​គឃ្លើន និង​បន្ត​ប្រព្រឹត្ត​បទល្មើស​ខ្លាំង​ជាង​មុន​។

ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​បង្ក្រាប​រថយន្ត​ដឹកអុស​ចំនួន​២៥​គ្រឿង ហើយ​មាន​ថត​រូបភាព​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ​។ ចំណែក​មេ​ឈ្មួញ សឹង សំអុល ដែល​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ មួយខែៗ​រាប់សិប​រថយន្ត​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ បើទោះបី​ទង្វើ​របស់​មេ​ឈ្មួញ សឹង សំអុល កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​យ៉ាងណាក៏ដោយ​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ៕

49