មេប៉ុស្ដិ៍ច្រក​ណាំលៀ​ លោក ​សំរិត ណយ​​ឃុបឃិត​ជាមួយឈ្មួញ​ដឹកឈើ​ខុសច្បាប់​ទៅល​ក់ស្រុក​យួន

មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។ ទាល់តែ​មានការ​ឃុបឃិត​ពី​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ក៏ដូចជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសមួយ​ចំនួន​ទើប​លោក សំរិត ណ​យ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។ ប្រការនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ផងដែរ ក្នុងខណៈដែល​មន្ត្រីនគរបាល​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុកជារៀងរល់ថ្ងៃ។

 

ប្រភពពី​មន្ត្រី​​នៅ​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ យកទៅ​ស្តុក​ទុក​ទល់មុខ​ចំការកៅស៊ូ​បារាំង​-​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ហើយ​នៅពេល​យប់​ទើប​ពួកគេ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​រលូន​តែម្តង​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​ក្នុង​មួយ​យប់ៗ​លោក សំរិត ណ​យ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​នេះ​មិនតិចជាង​២០​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​នោះទេ ហើយ​ជួនកាល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទាំង​ថ្ងៃ​ទៀតផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក តូច យ៉ុ​ន ជា​អ្នក​ឃុបឃិត​ឲ្យ​លោក សំរិត ណ​យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​​។ ទន្ទឹមនឹងនេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្តមណ្ឌលគិរី ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ​ទើប​បណ្ដោយ​ឲ្យ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អាច​និយាយបានថា ដោយសារ​លោក សំរិត ណ​យ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

មន្ត្រី​នៅ​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តមណ្ឌលគិរី និង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយចំនួន​ដែលមាន​តួនាទី​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​អាច​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​លោក សំរិត ណ​យ ជាប្រចាំ​ទើប​មិន​បង្ក្រាប​បទល្មើស​។ ជាក់ស្ដែង​រយៈពេល​ប្រមាណ​ជាង​១​សប្ដាហ៍​កន្លងទៅនេះ​ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណីត​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​ចេញទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លៀ ស្ទើ​តែ​រាល់​យប់​ហើយ​មិនឃើញ​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ បើទោះបី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំង​កណ្ដាល​ថ្ងៃ ក៏​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​ឡើយ​។បឋម

22685098_375547292866237_791201558_n