មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានកត់សម្គាល់ថាទោះបី មានការផ្លាស់ប្ដូរតំ ណែងស្នងការនគរបាលខេត្ត និងតំណែងនាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្តយ៉ាងណា ក៏ដោយ ក៏បទល្មើសកាប់ ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួននៅតែកើតឡើង យ៉ាងអនាធិបតេយ្យដដែល ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រូវមជ្ឈដ្ឋាននានារិះគន់ថាមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួននោះឡើយ។ ជាក់ស្ដែងលោក សំរិត ណយ មេប៉ុស្ដិ៍ណាំលៀ(ប៉ុស្ដិ៍៧) នៅតែបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ហើយលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្ត លោក អ៊ុក សំណាង ជាស្នងការនគរបាលខេត្ត និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានរក្សាភាពស្ងប់ស្ងាត់ហើយបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត។
តាមប្រភពពីមន្ត្រីតូចតាចនៅច្រកណាំលៀ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានឈ្មួញដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់តាមរថយន្តឡង់គ្រឺស័រចេញទៅស្រុកយួនតាមច្រកនេះប្រមាណ១៥គ្រឿង។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំរិត ណយ មេប៉ុស្ដិ៍នគរបាលច្រកណាំលៀ ឬប៉ុស្ដិ៍៧។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សំរិត ណយ ទេនោះគឺឈ្មួញមិនអាចដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនដោយស្រួលៗបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរក្នុងស្រុកពេជ្រាដា បានឲ្យដឹងថា ឈើប្រណីតមិនតិចជាង១៥រថយន្តឡង់គ្រឺស័រ ត្រូវឈ្មួញដឹកចេញពីចំណុចស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយចេញទៅស្រុកយួនតាមច្រកណាំលៀ ឬតាមប៉ុស្ដិ៍៧។ ប្រការនេះបង្ហាញឲ្យឃើញថាលោក សំរិត ណយ មេប៉ុស្ដិ៍ណាំលៀ(ប៉ុស្ដិ៍៧) នៅតែបន្តឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាលខ្លូន ។ ដូច្នេះលោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនគួរបណ្ដែតបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ ហើយគួរចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ប្រភពខ្លះបានរិះគន់ថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរីទេនោះ គឺលោក សំរិត ណយ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ៕
Recent Comments