ឈ្មួញប្រើ​គ្រប់រូប​ភាពក្នុងកា​រដឹកជញ្ជូ​នឈើ​ប្រណីតចេញ​ទៅស្រុក​យួនតាម​ច្រកដាក់​ដាំ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ នៅក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ កាប់​ឈើ​និង​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ ស្រុក​យួន​តាម​ច្រក​ដាក់ ​ដាំ នៅតែ​បន្ត​កើតឡើង​ យ៉ាង​អនាធិបតេយ្យ  ហើយ​ឈ្មួញ​មានការ​ ឃុបឃិត​ជាមួយ​ លោក យ៉ូ  សុធា មេ​នគរបាល​អន្តោ ប្រវេសន៍​ច្រក​ដាក់​ដាំ​ផងដែរ​។ ក្នុងនោះ​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​កង់​ឡង់​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​ទាំងឡាយណា​ដែល​ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​តែង​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី យ៉ាង​ពេញបន្ទុក​ហើយ​មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ប៉ះពាល់​ឡើយ។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ និង​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ អាច​ដឹកជញ្ជូន​ឈើ​ឆ្លង​បា​រ៉ា​ស់​ច្រក​ដាក់​ដាំ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ចំណែក​ឈ្មួញ​មួយចំនួន​ដែល​មិន​បង់លុយ​តាម​ការកំណត់​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ទេ ទោះបី​ឈ្មួញ​ទាំងនោះ​បង្កប់​ឈើ​ប្រណីត​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកទេសចរ​ក៏ដោយ​។

កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ស្ទាក់ចាប់​រថយន្តក្រុងរ​បស់​យួន​១​គ្រឿង​ដែលមាន​បង្កប់​ឈើ​ប្រណីត​ជាច្រើន​ដុំ​ក្នុង​គម្រោង​ចេញពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ដែលមាន​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី​។ ប្រភពពី​សមត្ថកិច្ច​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា មាន​ឈើ​ប្រណីត​ប្រភេទ​នាងនួន និង​ធ្នង់​ជាច្រើន​កំណាត់​ត្រូវបាន​ឈ្មួញ​លាក់ទុក​ក្នុង​បាត​រថយន្តក្រុង​របស់​យួន​ពាក់​ស្លាក​លេខ​1B-001.17 ដែល​តែងតែ​ដឹក​ភ្ញៀវទេសចរ​ពី​ស្រុក​យួន​ចូលមក​ខេត្តមណ្ឌលគិរី​ជា​ញឹកញាប់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រហែល​មកពី​ម្ចាស់​ឈើ​ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទើបត្រូវ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​យក​ស្នាដៃ​។

mao-car1-500x375