លោក​ កែវ​ វណ្ណី​ មេគយ​ខេត្តតាកែវ​ ឃុបឃិ​តជាមួយ​លោក ​លាង ​ម៉ុង?

ប្រភពពី​ឈ្មួញ​និង​អាជីវករ​ នាំចូល​ទំនិញ​ពី​យួន​ដឹកជញ្ជូន​ ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ​ក្នុង​ខេត្តតាកែវ បានបញ្ជាក់ ​ថា​លោក  លាង ម៉ុង មេ​គយ​ចល័ត​ ខេត្តតាកែវ  បង្កើត​កុងត្រូលជជុះ​២ ​កន្លែង​ដើម្បី​ប្រមូល​លុយ​តាម របៀប​ពុករលួយ​។ ក្នុងនោះ ​កុងត្រូលជជុះ​មួយក ន្លែង​នៅក្នុង​ឃុំ​គិរី​ចុង​កោះ  ស្រុក​គិរីវង់ និង​មួយកន្លែង​ទៀត​ នៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ  ខេត្តតាកែវ​។  កុងត្រូលជជុះ​ ទាំង​២​កន្លែង​នេះ​មាន​មន្ត្រី​គយ​ឈរ ជើង​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​។ ចំណែក​ឈ្មួញ​ធំៗ ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​បែរជា​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

មួយរយៈ​កន្លងទៅនេះ​គយ​ចល័ត​ខេត្តតាកែវ បាន​បង្កើត​កុងត្រូលជជុះ​២​កន្លែង​ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ អាជីវករ ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​យួន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ក្នុង​ខេត្តតាកែវ កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ​និង​មន្ត្រីក្រោមឱវាទ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តតាកែវ ផងដែរ​។ ហេតុនេះ​អាជ្ញាធរ​ខេត្តតាកែវ​ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​ទៀត​ទេ ព្រោះ​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​និង​មិន​ខ្វល់​ពី​ការរិះគន់​ឡើយ​។

​តាម​ការអះអាង​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅ​ខេត្តតាកែវ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ក៏ដូចជា​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ស​ខេត្តតាកែវ ឃុបឃិត​គ្នា​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​។ ក៏ប៉ុន្តែ​លោក លាង ម៉ុង និង​លោក កែវ វ​ណ្ណី បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ខេត្ត​តាម​កែវ យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ​មានដូចជា​គ្រឿងសំណង់​ច្រើន​ប្រភេទ ទំនិញ​ចាប់ហួយ ព្រមទាំង​ប្រេងសាំង​ជាដើម​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ អំពើពុករលួយ​របស់​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាពិសេស​ជាមួយ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន​និង​ជាមួយ​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ​។

​ប្រភពពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​ឲ្យ​គ្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង នោះទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់ផល​ចំណេញ​។ ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​ពី​យួន​តាម​ច្រក​ភ្នំ​ដិ​ន​និង​ច្រករបៀង​ជាច្រើន​ទៀត​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ រាល់​ការបង់​លុយ​របស់​ឈ្មួញ​អាជីវករ​និង​ពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះឡើយ?​។ ហេតុនេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ទៀត​ទេ​៕

22185042_369492383471728_192446497_n1