យោធា​ឈ្មោះ​ ឡៅ​ តុងហាន​នាំចូលគ្រឿ​ងសំណង់​បង់ពន្ធមិន​គ្រប់តា​មច្រក​ជ្រៃ​ធំ ?

តាម​ប្រភពពី​មន្ត្រី​នៅ​ច្រក ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល  បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ហង្ស  របស់​មេ​ឈ្មួញ  ឡៅ តុង​ហាន  បាន​រក ស៊ី​នាំចូល​គ្រឿង សំណង់​គេចពន្ធ​និង ​បង់ពន្ធ​មិន​គ្រប់​ជា ច្រើន​ឆ្នាំ​មកហើយ  ដូច្នេះ​ឈ្មួញ​រូបនេះ ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល ​ពន្ធ​រដ្ឋ​យ៉ាង ច្រើន​។ ការដែល​មេ​ឈ្មួញ  ឡៅ តុង​ហាន អាច​បន្ត​នាំចូល​ គ្រឿងសំណង់​គេចពន្ធ  និង​បង់ពន្ធ​មិន​គ្រប់ ​តាម​ច្រក​ជ្រៃ​ធំ​យ៉ាង ​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​សមត្ថកិច្ច​នៅ​ច្រក​ជ្រៃ​ធំ គ្មាន​ជម្រើស​អ្វី​ក្រៅពី​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​នោះឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន ដែលជា​ម្ចាស់​ក្រុមហ៊ុន​ហង្ស នាំចូល​គ្រឿងសំណង់​តាម​ច្រក​ជ្រៃ​ធំ​ឲ្យ​បានច្បាស់លាស់​ផងដែរ ព្រោះ​ឆ្នាំ​កន្លងទៅនេះ​មេ​ឈ្មួញ ឡៅ តុង​ហាន ប្រើ​អំណាច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ។

ប្រភពពី​សមត្ថកិច្ច​នៅ​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​២​នាក់​កំពុង​បន្ត​នាំចូល​គ្រឿងសំណង់​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ជ្រៃ​ធំ យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​។ ក្នុងចំណោម​ឧ​ត្ត​ម​សេនីយ៍​យោធា​ទាំង​២​នាក់​នោះ គឺ​មេ​ឈ្មួញ ឡៅ តុង​ហាន កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​រហូត​មាន​បង្កើត​ផែ​ឯកជន​សម្រាប់​លើកដាក់​ទំនិញ​ដឹកជញ្ជូន​ចូលមក​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​ផងដែរ​។ រថយន្ត​ដឹកទំនិញ​ធំៗ​របស់​មេ​ឈ្មួញ ឡៅ តុង​ហាន បានធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​២១​បេ រង​ការខូចខាត​និង​បាក់​ស្ពាន​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ខេត្តកណ្ដាល និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ឡៅ តុង​ហាន ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ក្នុង​កង​អង្គរក្ស​នោះទេ​។

​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ជ្រៃ​ធំ​បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​មេ​ឈ្មួញ ឡៅ តុង​ហាន នាំចូល​ពី​ស្រុក​យួន​មានដូចជា ដែក ឥដ្ឋការ៉ូ ស៊ីម៉ងត៍ ក្បឿង និង​សម្ភារៈ​សំណង់​ជាច្រើន​ប្រភេទ ហើយ​ទំនិញ​ទាំងនោះ​បង់ពន្ធ​ប្រមាណ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ការដែល​មេ​ឈ្មួញ ឡៅ តុង​ហាន ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំចូល​គ្រឿងសំណង់​គេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ក្នុងខណៈដែល​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​សកម្ម​ភាព​របស់​មេ​ឈ្មួញ ឡៅ តុង​ហាន និង​សមត្ថកិច្ច​ច្រក​ជ្រៃ​ធំ ក្នុងការ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ៕​

aa3e2190-3ed7-11e7-ab8a-3dc75f97c414