ប្រភពពីសមត្ថកិច្ចនៅ ស្រុកពេជ្រាដាខេត្ត មណ្ឌលគិរីបានឲ្យដឹងថា ករណីរថយន្តច្នៃរាប់សិបគ្រឿង ដែលចូលមកទឹកដី ខ្មែរតាម តំបន់ អូរតាំកន និង ចន្លោះប៉ុស្ដិ៍៧នោះ គឺមានមន្ត្រី យោធាការពារព្រំដែន១ រូបឈ្មោះ ម៉ៅ ជាអ្នករត់ការ បើកផ្លូវជាមួយសម ត្ថកិច្ចពាក់ព័ន្ធច្រើន ស្ថាប័ន។ ប្រភពបានឲ្យដឹងទៀត ថាលោក ម៉ៅ គឺជា មនុស្សជំនិតរបស់ លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េង ស្រេង មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុង ស្រុកពេជ្រាដា ក៏បានបង្ហើប ឲ្យ ដឹង ដែរថា ក្រោយពេលករណីខាងលើត្រូវបែកការដឹងដល់អាជ្ញាធរខេត្តមណ្ឌលគិរី និងស្នងការខេត្តមណ្ឌលគិរី គឺមន្ត្រីយោធាឈ្មោះ ម៉ៅ បានគេចខ្លួនចូលទៅស្រុកយួន។ ចំណែកលោក សំរិទ្ធ ណយ មេនគរបាលប៉ុស្ដិ៍៧ ដែលអនុញ្ញាតឲ្យឈ្មួញយួនចូលមកដឹកឈើចេញពីទឹកដីខ្មែរនោះ នៅតែធ្វើអ្វីៗតាមអំពើចិត្តដដែល។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលកំពុងតែកើតឡើងយ៉ាងរាលដាលនោះទេ។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្តច្នៃ(ដែលភាសាយួនហៅថាសែកាង) បានឆ្លងដែនតាមប៉ុស្ដិ៍៧៥១ ច្រកណាំលៀ-ប៉ុស្ដិ៍៧ ចូលមកដឹកឈើនៅចំណុចប៉ុស្ដិ៍៤ ប៉ុស្ដិ៍៥។ ប៉ុន្តែគម្រោងដឹកឈើនោះត្រូវបានបែកការនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ហើយលោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានបញ្ជាឲ្យកម្លាំងក្រោមឱវាទចុះទៅពិនិត្យមើលជាក់ស្ដែងនៅកន្លែងកើតហេតុ។
ប្រភពពីសមត្ថកិច្ចមួយចំនួនបានឲ្យដឹងថាលោក សំរិទ្ធ ណយ មានជាប់ពាក់ព័ន្ធទៅនឹងករណីឈ្មួញយួនបង្វែរទិសចូលទៅដឹកឈើនៅចំណុចប៉ុស្ដិ៍៤ ប៉ុស្ដិ៍៥ តាមច្រក៧៥១របស់យួន គឺលោក សំរិទ្ធ ណយ មានជាប់ពាក់ព័ន្ធករណីរថយន្តច្នៃរបស់យួន៥០គ្រឿងចូលមកដឹកឈើក្នុងទឹកដីខ្មែរ។ បញ្ហានេះបានបង្ហាញយ៉ាងច្បាស់ថា បទល្មើសព្រៃឈើតាមតំបន់ព្រំដែនក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលនិងមន្ត្រីយោធា។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមេរដ្ឋបាលព្រៃឈើ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តនេះ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើឡើយ។ ជាក់ស្ដែងបទល្មើសកាប់ឈើខុសច្បាប់កំពុងកើតឡើងយ៉ាងពេញបន្ទុកនៅចំណុចប៉ុស្ដិ៍៤ ប៉ុស្ដិ៍៥ ៕
Recent Comments