តាមសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចតូចតាច នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល ដឹក ជញ្ជូន ឈើ ចេញទៅស្រុកយួនតាម រថយន្តយីឌុបរាប់សិបគ្រឿង ហើយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធដទៃ ទៀតមិន ចាត់វិធានការ ទប់ស្កាត់ឡើយ។ ថ្មីៗនេះមេការ របស់មេឈ្មួញ សឹង សំអុល បានចែកលុយដល់ អ្នកកាសែតប្រមាណ១០០នាក់ក្នុងខេត្តក្រចេះ ដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល ហើយបញ្ហានេះត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់ថាមេឈ្មួញ សឹង សំអុល កំពុងប្រើល្បិចបិទបាំងសកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។
ជុំវិញបញ្ហាខាងលើនេះអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏ដូចជាអភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ខ្លាចឥទ្ធិពលមេឈ្មួញ សឹង សំអុល ទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ជាការពិតមេឈ្មួញ សឹង សំអុល កាប់ឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ប៉ុន្តែមិនឃើញលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គិតគូរចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ចំណែកលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលរថយន្តយីឌុបដឹកឈើរបស់មេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ស្ទើរស្រុតផ្លូវខូចអស់ទៅហើយ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថានៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ឈើទៀតទេហើយឈើដែលមេឈ្មួញ សឹង សំអុល កាប់ដឹកចេញសព្វថ្ងៃនេះជាឈើដែលគេលួចកាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់អភិរក្សក្នុងស្រុកកោះញែក។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់ឃើញគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ សឹង សំអុល ក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ហេតុនេះហើយទើបមជ្ឈដ្ឋានទូទៅលើកឡើងថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើទៅស្រុកយួនគឺជារឿងឥតន័យ ព្រោះរយៈពេល២ខែចុងក្រោយនេះមេឈ្មួញ សឹង សំអុល កំពុងបន្តសកម្មភាពកាប់ឈើរួចដឹកជញ្ជូនចេញទៅស្រុកយួនដោយសេរី៕
Recent Comments