សកម្មជនព្រៃឈើនិង ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញមួយចំនួនដែល មានមន្ត្រីនគរបាលពាក់ ផ្កាយ២ក្នុង ក្រសួងមហាផ្ទៃ ជាខ្នងបង្អែកយ៉ាងរឹងមាំ បានប្រើប្រាស់រថយន្តទំនើបៗ ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាមច្រក ដាក់ដាំ និងច្រករបៀងកង់ ឡង់យ៉ាងគគ្រឹកគគ្រេង ជាពិសេសនៅពេលយប់ ។ លោក យ៉ូ សុធា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ ច្រកដាក់ដាំ ត្រូវបាន គេដឹងថាមានខ្នងបង្អែករឹងមាំក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ទើបហ៊ានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមេរដ្ឋបាលព្រៃឈើខេត្តនេះ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើឡើយ ហើយគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។
ប្រភពពីមន្ត្រីតូចតាចនៅច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថាមេៗសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ នៅតែបណ្ដោយឲ្យឈ្មួញមានអំណាច មានឥទ្ធិពល បន្តដឹកឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ទោះបីនៅក្នុងខេត្តមណ្ឌលគិរី មានការផ្លាស់ប្ដូរនាយខណ្ឌរដ្ឋបាលព្រៃឈើរួចហើយក៏ដោយ ក៏ឈ្មួញមួយចំនួននៅតែអាចប្រមូលទិញឈើប្រណីតដឹកជញ្ជូនចេញតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់យ៉ាងពេញបន្ទុកដដែលគ្មានញញើតអ្វីទាំងអស់។ លោក យ៉ូ សុធា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ កំពុងរងការរិះគន់ថាជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍ ព្រោះលោក យ៉ូ សុធា មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកឈើចូលទៅស្រុកយួន។
លោក ស្វាយ សំអ៊ាង ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីឲ្យស្របតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ ប្រភពពីសមត្ថកិច្ចតូចតាចនៅស្រុកអូររាំង បានឲ្យដឹងថា ឈ្មួញមួយចំនួនដែលមានខ្នងបង្អែកជាមន្ត្រីនគរបាលពាក់ផ្កាយ២នៅក្រសួងមហាផ្ទៃ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ និងច្រករបៀបកង់ឡង់យ៉ាងពេញបន្ទុក។ ឈ្មួញទាំងនោះប្រមូលទិញឈើប្រណីតនៅស្រុកអូររាំង ស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីមា ហើយដឹកជញ្ជូនឆ្លងកាត់មុខប៉ុស្ដិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច និងមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនកន្លែងមុនពេលទៅដល់ច្រកដាក់ដាំ៕
Recent Comments