ប្រភពពីសកម្មជនព្រៃឈើ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញមួយចំនួនបានប្រមូលទិញ ឈើប្រណីតនិងឈើ ប្រភេទលេខ១ ដឹកពីស្រុកវ៉ើនសៃ ស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកលំផាត់ និងតំបន់ឧទ្យានជាតិវីរៈ ជ័យ ចេញទៅស្រុក យួនតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវយ៉ាងរលូន ។ កន្លងមកសមត្ថកិច្ចចម្រុះក្នុង ខេត្តរតនគិរី ធ្លាប់បង្ក្រាបរថយន្តដឹកឈើ២ទៅ៣គ្រឿងនៅក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវដើម្បីយកស្នាដៃផងដែរ ដោយសារឈ្មួញទាំងនោះចង់គេចវេះមិនបង់លុយ។ ចំណែកឈ្មួញធំៗដែលបង់លុយតាមការកំណត់ឬឈ្មួញដែលមានខ្នងបង្អែករឹងមាំនៅតែអាចដឹកឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលូន ព្រោះមានលោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកនេះ ចាំសម្របសម្រួលនិងឃុបឃិតគ្រប់ពេលវេលា។ លោក អ៊ី ចំរើន មានសិទ្ធិសម្រេចធំជាងគេក្នុងការបើកដៃឲ្យឈ្មួញដឹកឈើចេញទៅស្រុកយួន ហើយលោក អ៊ី ចំរើន ក៏ទទួលបានផលប្រយោជន៍ច្រើនជាងគេពីបទល្មើសព្រៃឈើនៅច្រកអូរយ៉ាដាវ។
ប្រភពពីមន្ត្រីតូចតាចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថារហូតមកដល់ពេលនេះលោក អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ នៅតែឃុបឃិតឲ្យឈ្មួញនាំចេញឈើទៅស្រុកយួនយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលលោក អ៊ី ចំរើន ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលសូម្បីតែនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ត្រូវយោគយល់ដែរ។ ដូច្នេះហើយលោក អ៊ី ចំរើន ឃុបឃិតជាមួយលោក អន អង្គារ៉ា មេគយច្រកអូរយ៉ាដាវ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតរួចបើកដៃឲ្យឈ្មួញជាច្រើននាក់ដឹកឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូរយ៉ាដាវ បានឲ្យដឹងថានៅដើមខែកញ្ញា ឆ្នាំ២០១៧នេះ សកម្មភាពដឹកជញ្ជូនឈើចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ពុំមានការថយចុះនោះទេគឺមានតែកើនឡើងច្រើនជាងមុនទៅទៀត។ ឈ្មួញធំៗដែលបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនមានដូចជា ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និងឈ្មួញមួយចំនួនទៀតដែលជាមនុស្សជំនិតរបស់មន្ត្រីនគរបាលពាក់ផ្កាយ២ម្នាក់នៅក្នុងក្រសួងមហាផ្ទៃ។ តាមរយៈការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវ គឺលោក អ៊ី ចំរើន អាចប្រមូលលុយបានយ៉ាងច្រើនក្នុង១ខែៗ ហើយក៏អាចមានការបែងចែកទៅថ្នាក់លើផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន៕
Recent Comments