ក្រុម​ហ៊ុន​គ្រីសស្តាល់​រ៉ាយ​និងកំ​ពង់ផែខេ​ត្តកំពត​រងការ​រិះ​គន់

ប្រភព​​បានបញ្ជាក់​ដោយ​មិន​ចំ​ឈ្មោះថា សព្វថ្ងៃនេះ​មាន​ឧកញ៉ា និង​មន្ត្រី​មានអំណាច​ខ្លះ​យកលុយ​និង​របស់របរ​ជំនួយ​ស​ប្បុ​រសធម៌​មួយចំនួន​តូច​ទៅ​ដើរ​ចែក​ជនក្រីក្រ និង​ចាស់ជរា​ថា​ខ្លួន​ជា​មនុស្ស​ល្អ តែ​តាមពិត​ពួកគេ​លួចជាតិ​នាំចូល​ទំនិញគេចពន្ធ និង​កិបកេង​ថវិកាជាតិ​យ៉ាងច្រើន​។​

ក្រុមហ៊ុន​គ្រី​ស្តា​ល់​រ៉ា​យ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ប្រទេសក្រៅ​តាមរយៈ​កំពង់ផែ​ខេត្តកំពត​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តកំពត និង​មន្ត្រីរាជការ​មួយចំនួន​រិះគន់ថា កំពុងតែ​នាំចូល​ធ្យូងថ្ម​ខុសច្បាប់​។ ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា កំពង់ផែ​ខេត្តកំពត​ដែលមាន​មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ប្រចាំការ​ដែរនោះ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នាំចូល​ធ្យូងថ្ម​ខុសច្បាប់​ផងដែរ ព្រោះ​នៅ​ទី​នោះគេ​សង្កេតឃើញ​មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ចេញចូល​ញឹកញាប់​។​

នៅ​សប្តាហ៍​មុននេះ​មន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា ក្រសួង​នៅ​មិនទាន់​បានដឹង​ច្បាស់​ពី​ករណី​នាំ​ធ្យូងថ្ម​ចូល​ប្រទេស​កម្ពុជា​តាមរយៈ​កំពង់ផែ​នាំ​អង្ករ​ចេញ​នៅ​ខេត្តកំពត នោះទេ​។ ក្រុមមន្ត្រី​ដដែល​បាន​បញ្ជាក់ថា បើ​មានការ​នាំចូល​មែន​គឺ​ត្រូវតែមាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រោះ​ការនាំ​ចូល​ធ្យូងថ្ម​គឺ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​បើ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ ហើយក៏​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ផងដែរ បើសិនជា​គ្មាន​ការប្រមូល​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​នោះ​។​

កម្មករ​បម្រើ​ការងារ​នៅ​កំពង់ផែ​ខេត្តកំពត បាន​បញ្ជាក់ថា​កន្លងមក​កំពង់ផែ​ខាងលើ​ភាគច្រើន​ប្រើប្រាស់​សម្រាប់​នាំចេញ​អង្ករ​កម្ពុជា និង​ផលិតផល​ផ្សេងៗ​ប៉ុណ្ណោះ​។ តែ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ គេ​សង្កេតឃើញ​មាន​ករណី​នាំចូល​ធ្យូងថ្ម​កាន់តែ​ច្រើនឡើងៗ​ដែល​កប៉ាល់​ធំ​ចត​នៅ​កណ្តាល​សមុទ្រ​ខេត្តកំពត ហើយ​គេ​ប្រើ​កប៉ាល់​ធុន​មធ្យម​សម្រាប់​ផ្ទេរ​ចូលមក​ដាក់​ផែ​ខេត្តកំពត​។ ក្រុមកម្មករ​បាន​បង្ហើ​ប​ថា ធ្យូងថ្ម​ខាងលើ​ទំនង​គេ​នាំចូល​សម្រាប់​បម្រើ​ឲ្យ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​កំពុងដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ​និង​តម្រូវការ​ផ្សេងៗ​ទៀត ហើយ​ថា​កាំ​នាំចូល​ធ្យូងថ្ម​នេះ​គឺអាច​ធ្វើ​ដោយ​ក្រុម​ម៉ៅការ​នាំចូល​ពី​បរទេស​ដែលមាន​មន្ត្រី​ខ្មែរ​មានអំណាច​នៅ​ពីក្រោយ​ផងដែរ​។​

​គួរ​បញ្ជាក់ថា​ផលិតផល​នាំចូល​តាម​កំពង់ផែ​សមុទ្រ​ភាគច្រើន​ត្រូវ​អតីតមន្ត្រី​គយ​ចូលនិវត្តន៍​បង្ហើប​ថា​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ​ទេ ពិសេស​ពេល​កប៉ាល់​ចូល​ផែ​នៅពេល​យប់ ហើយ​ការ​នាំចូល​នោះ​តែងតែមាន​ការឃុបឃិត​រវាង​មន្ត្រី​ខ្មែរ​ពុករលួយ​និង​ក្រុមហ៊ុន​ខិលខូច​បរទេស ដែល​បញ្ហា​នេះ​សូម្បីតែ​មន្ត្រី​ជំនាញ​តូចតាច​ធ្វើការ​នៅ​កំពង់ផែ​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ ​៕​

21585690_1260686004077691_180280744_o