ប្រជានេសាទនៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ក៏បានឲ្យដឹងដែរថានៅក្នុងមូលដ្ឋានពួកគាត់ក៏មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកើតឡើងយ៉ាងអនាធិបតេយ្យផងដែរ ហើយមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់នេះ មិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ។ តំណាងពលរដ្ឋនៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ បានបញ្ជាក់ថាក្នុងមូលដ្ឋានពួកគាត់មានជនល្មើសប្រើឧបករណ៍ខុសច្បាប់ដែលមានប្រវែងបណ្ដោយពី៨០០ម៉ែត្រទៅ២០០០ម៉ែត្រដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាបង្ក្រាបឡើយ។ មានការរិះគន់ចំៗថា អាជ្ញាធរស្រុកឯកភ្នំ ក៏ដូចជាមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកឯកភ្នំ ទទួលផលប្រយោជន៍ពីក្រុមជនល្មើសទើបបណហ្ដោយឲ្យបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក។
ប្រភពពីប្រជានេសាទនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ បានឲ្យដឹងថាមួយរយៈកន្លងទៅនេះ ជនល្មើសដែលមានលុយនិងមានទំនាក់ទំនងជាមួយមន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ចពុករលួយបានប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជនល្មើសបានប្រើឧបករណ៍មងក្រឡាញឹក ឬហៅថាបណរ៉ាវប្រវែង១ខ្សែៗពី១០០០ម៉ែត្រទៅជាង២០០០ម៉ែត្រដាក់នៅតំបន់ឡូត៍លេខ១ក្នុងភូមិក្បាលតោល ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ប្រសិនបើអាជ្ញាធរខេត្តបាត់ដំបង និងនាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ឲ្យបានទាន់ពេលវេលាទេនោះគឺធនធានមច្ឆជាតិក្នុងតំបន់នេះត្រូវប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទ ទើបពួកគេមិនចាត់វិធានការបង្ក្រាប។ ក្នុងនោះលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង គឺជាអ្នកទទួលខុសត្រូវធំជាងគេព្រោះបើគ្មានការឃុបឃិតបើកដៃពីលោក ជួង សុភា ទេនោះគឺមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកឯកភ្នំ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ ហើយក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំ ៕
Recent Comments