មន្ត្រី​យោធា​ឈ្មោះ​ រស់ ជុក​មេឈ្មួញ​ឈើគ្រញូ​ងខុសច្បា​ប់នៅក្រុង​សំរោង

ប្រភពពី​ប្រជាពលរដ្ឋ​ រស់នៅក្នុង​ភូមិ​ដងទង់  សង្កាត់​កូន​ក្រៀល  ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ  បាន​ឲ្យ​ដឹងថា​ ក្រុម​ឈ្មួញ​ដែល​ កំពុង​បន្តសកម្មភាព​ ប្រមូល​ទិញ​ឈើ​គ្រញូង​តាម​ ព្រំដែន​បច្ចុប្បន្ន​ភាគច្រើន ​ជា​មន្ត្រី​យោធា និង​ ជា​មន្ត្រីនគរបាល​។ ការដែល ​ឈ្មួញ​ទាំងអស់ នោះ​អាចធ្វើ​អ្វីៗ​បាន​ តាម​អំពើ​ចិត្ត គឺ​ដោយ សារ​មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តឧត្ដរមានជ័យ  លោក អ៊ឹម សា​វរិ​ទ្ធ  និង​អភិបាលខេត្ត​ឧត្ដរ មានជ័យ លោក ស ថា​វី  មិន​ចាត់វិធានការ​បង្ក្រាប​ ឲ្យ​ស្របទៅតាម​បទបញ្ជា ​លេខ​០០២ របស់​រដ្ឋាភិបាល​ ។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​លោក  ស ថា​វី ជា​អភិបាលខេត្ត និង​លោក  អ៊ឹម សា​វរិ​ទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល ​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ  ទំនងជា​ទទួលបាន​ផលប្រយោជន៍ ​ពី​ក្រុម​ឈ្មួញ​ជួញដូរ​ ឈើ​គ្រញូង​ទើប​បណ្ដោយ​ឲ្យ ​បទល្មើស​បន្ត​រាល ដាល ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ភូមិ​មួយចំនួន​ក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក រស់ ជុក ជា​នាយទាហាន​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៤២ គឺជា​ឈ្មួញ​ឈើ​ល្បីល្បាញ​យូរ​មកហើយ​។ សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​របស់លោក រស់ ជុក ពី​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ត្រង់ចំណុច​បង្គោល​ឡាក់​លេខ​១២ លេខ​១១ និង​លេខ​១៣ លើផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​តែងតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​យោធា​ឈ្មោះ រស់ ជុក ដែល​ឈ្មួញ​ឈើ​គ្រញូង​ដ៏​ល្បី​ក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។

ប្រភពពី​មន្ត្រី​យោធា​ក្នុង​កងពលតូច​លេខ​៤២​មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​លោក រស់ ជុក ជាប្រចាំ​ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទឧក្រិដ្ឋ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​លោក រស់ ជុក ដែល​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​យ៉ាង​សុខ​ស្រួល គឺមាន​ឈ្មោះ ភោគ ផន ជា​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់វែង ក៏​ជា​ឈ្មួញ​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ចំណុច​បង្គោល​ឡាក់​លេខ​១១ ជា​យូរ​មកហើយ​ផងដែរ​។ ប្រភព​បាន​បញ្ជាក់ថា មន្ត្រី​យោធា​ឈ្មោះ ភោគ ផន តែងតែ​ជំរិត​ពលរដ្ឋ​ប្រមាណ​១០​នាក់​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ខ្លួន​តម្លៃ​ទាប ហើយ​បើ​ពលរដ្ឋ​ណា​មិន​លក់​ឈើ​គ្រញូង​ឲ្យ​ខ្លួន​ទេ គឺ​ឈ្មោះ ភោគ ផន នឹង​ចាត់វិធានការ​បង្ក្រាប​ភ្លាមតែម្តង៕ ​

sim-thai-356x500