អំពើពុករលួយរបស់លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ កំពុងធ្វើឲ្យក្រុមឈ្មួញ អាជីវករ និងពលរដ្ឋដែល នាំចូលទំនិញ ពីស្រុកយួន ត្រូវប្រឈមនឹង ការបង្ក្រាបកាន់តែខ្លាំងព្រោះ ត្រូវបង់លុយឲ្យសមត្ថកិច្ចពុករលួយ កាន់តែច្រើនជាងមុន ។ លោក លាង ម៉ុង បានឃុបឃិតជាមួយ មន្ត្រីគយនៅច្រកព្រំដែន និងប្រធានសាខាគយខេត្តតាកែវ ក្នុងការបើកដៃឲ្យ ឈ្មួញខិលខូច នាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំង ប្រេងសាំងគេចពន្ធពីស្រុក យួនយ៉ាងពេញបន្ទុក ទាំង យប់ ទាំងថ្ងៃ ។ ប្រការនេះហើយដែលក្រុមឈ្មួញ អាជីវករ និងប្រជាពលរដ្ឋដែល ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិ លេខ២ អំពាវនាវឲ្យ លោក គុណ ញឹម ដែលជាមេគយធំ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់លោក លាង ម៉ុង មេគយចល័តខេត្តតាកែវជាបន្ទាន់ផង។
លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ត្រូវបានក្រុមឈ្មួញនិងអាជីវករ ព្រមទាំងប្រជាពលរដ្ឋដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តតាកែវ បើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះទាំងមេគយធំ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ នៅឡើយទេហើយបណ្ដោយឲ្យមន្ត្រីគយរូបនេះ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្ដែងឈ្មួញនាំចូលទំនិញពីស្រុកយួនតាមច្រកភ្នំដិន និងច្រករបៀងផ្សេងទៀត ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងខេត្តតាកែវ គឺចៀសមិនផុតពីបង់លុយឲ្យក្រុមមន្ត្រីគយចល័តក្រោមការគ្រប់គ្រងរបស់លោក លាង ម៉ុង នោះទេ។
តាមប្រភពព័ត៌មានពីឈ្មួញ អាជីវករ និងពលរដ្ឋដែលរកស៊ីនាំចូលទំនិញពីស្រុកយួន ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ បានឲ្យដឹងថាមន្ត្រីគយចល័តក្រោមការដឹកនាំរបស់លោក លាង ម៉ុង បានបង្កើតកុងត្រូលជជុះ២កន្លែងដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងរំភើយ ។ ក្នុងនោះកុងត្រូលជជុះ១កន្លែងស្ថិតនៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ និង១កន្លែងទៀតស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលចាំយកលុយពីឈ្មួញ អាជីវករ និងពលរដ្ឋដឹកជញ្ជូនទំនិញឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោង?។ ប្រភពបានឲ្យដឹងទៀតថា ទោះបីឈ្មួញ អាជីវករ និងពលរដ្ឋដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនក៏ដោយ ក៏ចៀសមិនផុតពីយកលុយទៅទម្លាក់ក្នុងហិបរបស់មន្ត្រីគយចល័តក្រោមការគ្រប់គ្រងរបស់លោក លាង ម៉ុង នោះឡើយ៕
Recent Comments