ប្រជានេសាទ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ បានឲ្យដឹងថាការដែលឈ្មោះ បារាំង ប្រធានសហគមន៍ថ្វាង ជាប់ពាក់ព័ន្ធនឹងការ ប្រើឧបករណ៍ ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទ នេសាទ គឺអាចមានការឃុបឃិត បើកដៃពីសំណាក់ មន្ត្រីរដ្ឋបាលជលផលក្នុង ស្រុក ឯកភ្នំផងដែរ។ ដូច្នេះលោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង និងលោក ជួង សុភា នាយខណ្ឌរដ្ឋបាល ជលផលខេត្ត បាត់ដំបង មិនគួរបណ្ដែត បណ្ដោយតទៅទៀតឡើយ ព្រោះបទល្មើសនេសាទក្នុងតំបន់ថ្វាង កំពុងធ្វើឲ្យ ធនធានមច្ឆជាតិកំពុង ប្រឈមនឹងសេចក្ដីវិនាស។ លើសនេះទៅទៀតលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះក្នុងរដូវនេសាទនេះបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង កើតឡើងយ៉ាងអនាធិបតេយ្យហើយមន្ត្រីរដ្ឋបាលជលផល មិនចាត់វិធានការបង្ក្រាបឡើយ។
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថានៅក្នុងរដូវបិទនេសាទនេះ បទល្មើសប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាល ហើយមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនចាត់វិធានការទប់ស្កាត់នោះទេ។ ជាក់ស្ដែងលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសបំផ្លាញធនធានមច្ឆជាតិកើតឡើងយ៉ាងអនាធិបតេយ្យ។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនគួរមើលរំលងភាពអសកម្មក៏ដូចជាអំពើពុករលួយរបស់មន្ត្រីរដ្ឋបាលជលផលក្នុងខេត្តបាត់ដំបងនោះទេ៕
Recent Comments