លោក​ អន ​អង្គារ៉ា​ប្រធានកា​រិយាល័យគ​យច្រក​ទ្វារអន្តរជាតិអូ​រយ៉ាដាវ​ប្រព្រឹត្ត​ពុករលួយ​ជិះលែង​ដៃ

ប្រភពពី​មន្ត្រី​គយ  នៅ​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា​ លោក អន អង្គា​រ៉ា ហ៊ាន​ធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយ សារ​អាង​មាន​ខ្នង បង្អែក ​រឹងមាំ​និង​ធំ​ជាង​លោក  គុណ ញឹម ដែលជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ  និង​រដ្ឋាករ​ទៅទៀត​។  ហេតុនេះហើយ​ទើប ​លោក អន អង្គា​រ៉ា  ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ ​មិន​គ្រប់ និង​មានការ​បន្លំ​ ប្រភេទ​ទំនិញ​ដើម្បី​ ប្រមូល​លុយ​ដាក់​ហោប៉ៅយ៉ាស្រួល ។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក អន អង្គា​រ៉ា ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ហើយក៏​មានការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​ផងដែរ​។ ទង្វើ​របស់លោក អន អង្គា​រ៉ា ធ្វើ​ឲ្យ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ គឺជា​រឿង​ឥតន័យ​ព្រោះ​មន្ត្រី​គយ​ពុករលួយ​ដូចជា លោក អន អង្គា​រ៉ា នៅតែ​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយដដែល ។

រឿងអាស្រូវ​ពុករលួយ​របស់លោក អន អង្គា​រ៉ា ប្រធាន​កា​រិ​យ​ល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​អត់​ពន្ធ ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម ជា​អគ្គនាយក​គយ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រក​អូ​រយ៉ា​ដាវ​នោះទេ​។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មិន​ទប់ស្កាត់​អំពើពុករលួយ​របស់លោក អន អង្គា​រ៉ា នោះដែរ​បើទោះបី​ការហូរចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អូរ​យ៉ា​ដាវ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រី​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ក្រៅពី​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​អត់​ពន្ធ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អូរ​យ៉ា​ដាវ គឺ​លោក អន អង្គា​រ៉ា មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​យ៉ា​ដាវ និង​លោក អន អង្គា​រ៉ា ជា​មេ​គយ​ប្រចាំ​ច្រក​នេះ ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចូល​ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​ពី​៣០០​ទៅ​៤០០​ម៉ែត្រគូប​ដើម្បី​ប្រមូល​លុយ​ញាត់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់លោក អន អង្គា​រ៉ា មេ​គយ​ច្រក​អូ​រយ៉ា​ដាវ​ជាបន្ទាន់​៕

IMG_1623