សកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ភូមិចង ឃុំញ៉ាង មានព្រំប្រទល់ ជាប់ប្រទេសយួន ហើយបច្ចុប្បន្ន មានសកម្មភាពឈូសឆាយ ធ្វើផ្លូវលំចូលទៅកាន់តំបន់ ព្រៃដែលសំបូរទៅដោយឈើ ប្រភេទលេខ១និង ប្រភេទលេខ២ ដែលងាយ ស្រួលសម្រាប់ ក្រុមជនល្មើសកាប់ ឈើដឹកជញ្ជូនចេញទៅស្រុក យួន។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះ គឺអភិបាល ស្រុកអណ្ដូងមាស លោក ខេន សានីត ទើបតែដឹងថាទទួលបានព័ត៌មានស្ដីពីការកាប់ឈើនៅតាមតំបន់ព្រំដែនឃុំញ៉ាង ក្នុងខណៈដែលព្រៃឈើត្រូវប្រឈមនឹងសេចក្ដីវិនាសរួចទៅហើយ។ ដូច្នេះលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ មុនពេលព្រៃឈើតាមតំបន់ព្រំដែនក្នុងស្រុកអណ្ដូងមាស ត្រូវប្រឈមនឹងសេចក្ដីវិនាសសានសូន្យជាក់ជាមិនខានឡើយ។
ប្រជាសហគមន៍ការពារព្រៃឈើនៅក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស បានឲ្យដឹងថារយៈពេលប្រមាណ២ខែកន្លងទៅនេះបទល្មើសកាប់ឈើក្នុងព្រៃតាមតំបន់ព្រំដែនកំពុងតែកើតឡើងយ៉ាងពេញបន្ទុកដោយសារតែមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាប។ ប្រភពបានឲ្យដឹងទៀតថា ព្រៃឈើនៅជាប់តំបន់ព្រំដែនក្នុងភូមិចង ចំណុចផ្លូវឈូសថ្មី ក្បែរបង្គោលព្រំដែនលេខ១៩/៤កំពុងរងការកាប់បំផ្លាញយ៉ាងមហន្តរាយ ហើយក៏មានបទល្មើសទន្ទ្រានកាន់កាប់ដីយកធ្វើជាកម្មសិទ្ធិផងដែរ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់វិធានការបង្ក្រាបបទល្មើសខ្លះផងប្រសិនបើមិនបានទទួលផលប្រយោជន៍ពីក្រុមជនល្មើសបំផ្លាញព្រៃឈើទេនោះ។
សេចក្ដីរាយការណ៍ពីពលរដ្ឋភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស បានឲ្យដឹងថាក្នុងខណៈដែលសកម្មភាពកាប់ឈើខុសច្បាប់កើតឡើងយ៉ាងរាលដាល គឺគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីបរិស្ថាន ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុឡើយ។ ប្រការនេះធ្វើឲ្យបទល្មើសកាប់ឈើដឹកជញ្ជូនចេញទៅស្រុកយួនមានសភាពកាន់តែខ្លាំងក្លា ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចតាមព្រំដែនដែលគិតតែពីរឿងប្រមូលលុយ។ ប្រភពបានឲ្យដឹងទៀតថា តំបន់នោះត្រូវបានយាមកាមដោយកម្លាំងយោធាយ៉ាងតឹងរ៉ឹង មិនអនុញ្ញាតឲ្យប្រជាសហគមន៍ អ្នកសារព័ត៌មាន ឬសកម្មជនព្រៃឈើចូលទៅដល់ឡើយ៕បឋម
Recent Comments