មជ្ឈដ្ឋានទូទៅបាន លើកឡើងថាសព្វថ្ងៃនេះបទល្មើស ព្រៃឈើបានកើតមានជាហូរហែរនៅ ខេត្តឧត្តរមានជ័យ មិនទាន់ឃើញ មាន សមត្ថកិច្ចជំនាញធ្វើការ បង្ក្រាបនោះទេ គឺដោយសារតែ មន្ត្រីជំនាញយកលុយពីឈ្មួញ ព្រោះបើមិនយកលុយពីឈ្មួញ គ្មានឈ្មួញឈើណាអាច ដឹកជញ្ជូនឈើចេញពីព្រៃ ឬយកទៅលក់នៅខេត្តផ្សេងៗ ទៀតបានដោយសុវត្ថិភាពឡើយ។ មានការរិះគន់ ថា មន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចជាដើម គឺសុទ្ធតែបានជាប់ពាក់ព័ន្ធ នឹងឈ្មួញ ឈើ ព្រោះកន្លងមកគេធ្លាប់ឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលមួយចំនួនទៅយកលុយពីម្ចាស់រថយន្តដឹកឈើដោយមិនខ្វល់។
សកម្មជនព្រៃឈើនៅខេត្តឧត្តរមានជ័យ បានរាយការណ៍នៅសប្តាហ៍នេះថា មានឈើប្រណីតជាច្រើនត្រូវគេដឹកជញ្ជូនយកមកលាក់ទុកនៅផ្ទះឈ្មោះ ធុយ និងផ្ទះរបស់ ឈ្មោះ តាប៉ាវ និងជាច្រើនកន្លែងផ្សេងទៀតរង់ចាំរថយន្តធំៗមកដឹកឈើចេញ ដើម្បីយកទៅចែកចាយតាមបណ្តាខេត្តផ្សេងៗដោយគ្មានខ្លាចក្រែងរអាច្បាប់ឡើយ ។សមត្ថកិច្ចមូលដ្ឋានដែលបានដឹងច្បាស់ពីបទល្មើសព្រៃឈើរបស់ឈ្មួញទាំងពីរ គឺមិនចាត់វិធានការបង្ក្រាបតាមផ្លូវច្បាប់ឡើយរហូតមកដល់ពេលនេះ។
ប្រជាពលរដ្ឋមូលដ្ឋានបានរិះគន់ថា មន្ត្រីរដ្ឋបាលព្រៃឈើរួមទាំង មន្ត្រីបរិស្ថាន សមត្ថកិច្ចជំនាញផ្សេងទៀតគួរណាស់មានវិធាការបង្ក្រាប គឺមិនគួរបណ្តែតបណ្តោយឲ្យក្រុមឈ្មួញ រកស៊ីឈើគ្មានច្បាប់ទម្លាប់បន្តដឹកឈើចេញទៅចែកចាយតាមបណ្តាខេត្តមួយចំនួនយ៉ាងអនាធិបតេយ្យ ។ ប្រភពដដែលបានបញ្ជាក់ថា មេឈ្មួញឈើដ៏ធំឈ្មោះ តាប៉ាវ តែងដឹកជញ្ជួនឈើប្រណីតស្ទើរតែរៀងរាល់ថ្ងៃហើយមិនដែលឃើញមានសមត្ថកិច្ចជំនាញណាធ្វើការបង្ក្រាបឡើយ គឺបានត្រឹមចាំយកលុយពីឈ្មួញឈើប៉ុណ្ណោះ។ ជាពិសេសលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ជាអ្នកបណ្តោយឲ្យឈ្មួញដឹក ជញ្ជូនឈើយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លូនតែប៉ុណ្ណោះ?៕
Recent Comments