ប្រភពពីមន្ត្រីនៅក្នុង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា មិនមែនមានតែមន្ត្រី ក្នុងនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ប៉ុណ្ណោះទេ ដែលឃុបឃិត ទទួលលុយតាមរបៀបពុករលួយ ពីសំណាក់ថៅកែរោងចក្រ សហគ្រាស និងទីតាំងសិប្បកម្ម ទីតាំងអាជីវកម្ម មួយចំនួន។ ប្រភពបានបញ្ជាក់ ថាមន្ត្រីបេឡាជាតិ និងរបបសន្តិសុខ សង្គមនៃក្រសួងការងារ ក៏ប្រព្រឹត្តអំពើ ពុករលួយដែរ ហើយជួន កាលពួកគេទៅអុកឡុក ដល់ហាងគុយទាវ ឬហាងលក់ម្ហូបអាហារផ្សេងៗ ទៀតទាក់ទងទៅនឹងការធ្វើសៀវភៅការងារ។ ប្រសិនបើថៅកែហាងទាំងនោះមិនចង់ឲ្យកម្មករមានសៀវភៅការងារទេ ត្រូវបង់លុយឲ្យពួកគេតាមការកំណត់ បើមិនដូច្នេះទេគឺត្រូវប្រឈមនឹងបញ្ហា។ ប្រភពខ្លះបានឲ្យដឹងថាការដែលមន្ត្រីពុករលួយទាំងនោះអាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារផងដែរ? ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលង ឡើយ។
តាមការបង្ហើបរបស់មន្ត្រី នៅក្នុងនាយកដ្ឋានមុខរបរនិងហត្ថពលកម្ម នៃក្រសួងការងារ បានឲ្យដឹងថាមេៗនៅក្នុងនាយកដ្ឋាននេះបានប្រព្រឹត្តអំពើពុករលួយជាយូរមកហើយជាមួយថៅកែរោងចក្រ សហគ្រាស និងសិប្បកម្មតូចធំ ។ ដូច្នេះហើយលោក អ៊ិត សំហេង ដែលជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គួរពិនិត្យមើលរឿងអាស្រូវពុករលួយនៅក្នុងនាយកដ្ឋានខាងលើជាបន្ទាន់ ជាពិសេសទាក់ទងទៅនឹងបញ្ហារៀបចំឯកសារផ្សេងៗសម្រាប់ថៅកែរោងចក្រសហគ្រាស និងសិប្បកម្មជាដើម។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់ថ្នាក់ដឹកនាំនាយកដ្ឋានមុខរបរនិងហត្ថពលកម្ម នៃក្រសួងការងារផងដែរ។
ប្រភពពីមន្ត្រីនៅក្នុងនាយកដ្ឋានមុខរបរនិងហត្ថពលកម្ម នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថាកន្លងមកមន្ត្រីនាយកដ្ឋានខាងលើតែងតែចុះទៅទីកន្លែងមួយចំនួនដែលមានការបម្រើការងារដោយកម្លាំងពលកម្មដូចជា ហាងគុយទាវ សិប្បកម្មផ្សេងៗដែលមានទ្រង់ទ្រាយតូចធំល្មម ការដ្ឋានសំណង់និងទីតាំងដែលមានអាជីវកម្មជាច្រើនទៀត។ ក្រុមមន្ត្រីនាយកដ្ឋានមុខរបរនិងហត្ថពលកម្ម បានទាក់ទងជាមួយថៅកែរោងចក្រ សហគ្រាស រោងសិប្បកម្ម និងទីតាំងអាជីវកម្មផ្សេងៗដើម្បីធ្វើសៀវភៅការងារដោយកម្មករនិងបុគ្គលិកដែលកំពុងបម្រើការងារតាមរោងចក្រសហគ្រាស ឬរោងសិប្បកម្មនិងកន្លែងប្រកបរបរអាជីវកម្មលក់ដូរផ្សេងៗ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារថៅកែរោងចក្រសហគ្រាស និងទីតាំងអាជីវកម្មទាំងនោះមិនសូវយល់ពីច្បាប់ការងារ ហើយមិនចង់ឲ្យមានសៀវភៅការងារទើបបង់លុយក្រោមតុឲ្យមន្ត្រីនាយកដ្ឋានមុខរបរហត្ថពលកម្មដើម្បីបញ្ចប់បញ្ហាទាំងអស់ដោយមិនគិតពីការខាតបង់ថវិការជាតិ?៕បឋម
Recent Comments