មន្ត្រីក្នុងខេត្តកំពតបានឲ្យដឹងថា ចាប់តាំងពីលោក ញ៉ែម សេង ចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកព្រែកចាករួចមក គឺលោក ញ៉ែម សេង ប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅដោយពុំមានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ញ៉ែម សេង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពតផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន។ ហេតុនេះហើយទើបឈ្មួញមួយចំនួនអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពពីមន្ត្រីនៅច្រកព្រែកចាក ខេត្តកំពត បានបង្ហើបឲ្យដឹងថាទំនិញច្រើនប្រភេទដែលឈ្មួញនាំចូលពីស្រុកយួនតាមច្រកព្រែកចាក គឺបង់ពន្ធយ៉ាងច្រើនត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញបង់លុយក្រោមតុឲ្យលោក ញ៉ែម សេង?។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រែកចាក ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធកាន់តែច្រើនឡើងៗ។ ក្នុងនោះលោក ហេង សំបូរ មេគយខេត្តកំពត ជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះលោក ហេង សំបូរ គឺជាអ្នកបើកដៃឲ្យលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកព្រែកចាក ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ៕បឋម
Recent Comments