ឈ្មួញ​ កែវ​ សុងហេង​ បំផ្លាញ​ព្រៃឈើ​នៅខេត្តពោធិ៍​សាត់ជ្រកក្រោម​ស្លាក​ក្រុមហ៊ុន​អ៊ឹមឌី​អេ​ស

ខេត្តពោធិ៍សាត់៖សេចក្ដីរាយការណ៍បានឲ្យដឹងថាឈ្មួញឈ្មោះកែវ សុងហេង បានកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនឈើ នៅខេត្តពោធិ៍សាត់ ជាលក្ខណះទ្រង់ទ្រាយធំ ដោយជ្រកក្រោមស្លាក របស់ក្រុមហ៊ុនអ៊ឹមឌីអេស បើទោះជាលោក ឧកញ៉ាទ្រី ភាព ប្រកាសជាសាធារណៈឈប់ពាក់ព័ន្ធ ករណីព្រៃឈើក៏ដោយ។

សេចក្ដីរាយការណ៍បន្ថែមថា សកម្មភាពរថយន្ត ប្រភេទធំៗ យីឌុបច្រើនគ្រឿង បានដឹកជញ្ជូនឈើប្រភេទឈើអារជារៀងរាល់ថ្ងៃ ដោយចេញពីម្តុំចំណុចភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានឯកសារ (កំណត់ហេតុស្តីពី) ការចុះពិនិត្យឈើអារប្រភេទលេខ ២ និងលេខ ៣ លើកឡើងរថយន្តនៅ ក្នុងបរិវេណរោងចក្រអារច្រៀក របស់ក្រុម ហ៊ុន អឹមឌីអេស ដែលមានលោក កែវ សុងហេង ជាតំណាងក្រុម ហ៊ុន អឹមឌីអេស ដោយឆ្លងកាត់លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង និងលោក អ៊ឹម សុភី នាយសង្កាត់រដ្ឋព្រៃឈើប្រម៉ោយ ដែលភាគច្រើនគេសង្កេតឃើញ នៅក្នុងឯកសារខាងលើ នេះមានចំនួនឈើជាង ១០០ដើម ស្មើរនឹងចំនួន ១៨ម៉ែត្រត្រីគុណ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់នោះទេថាដើមឈើទាំងនោះគេ អារកាត់នៅតំបន់ណាឬ កន្លងណានោះឡើយ។

ប្រភពរាយការណ៍អះអាងទៀតថា ឈើទាំងអស់នោះ សង្ស័យក្រុមឈ្មួញ សម្រុកអារកាត់នៅតំបន់ព្រៃភ្នំនានា ពិសេសនៅក្នុងដែន ជំរកសត្វព្រៃភ្នំសំកុស រួចពួកគេដឹកជញ្ជូនតាមរយៈរថយន្តច្នៃធំចូល មករោងចក្រ ដើម្បីអារច្រៀក និងដឹកជញ្ជូនយក ទៅលក់ចែកចាយ បន្តនៅតាមបណ្ដាខេត្តនានា។ តាមការកំណត់របស់មន្រីឃុបឃិត គ្នាជាប្រព័ន្ធ ចាប់ពីចំនួ ១៥ទៅ១៨ម៉ែត្រត្រីគុណ ប៉ុន្តែត្រូវគេប៉ាន់ស្មានក្នុង ១ រថយន្តធំនេះមិនក្រោមចំនួន ៣៥ម៉ែត្រត្រីគុណនោះឡើយ ជាក់ស្ដែងដូចឃើញរូបភាព ស្រាប់រថយន្តដឹកឈើពេញ ដែលគេថតបាននៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចភ្នំចិនយំនារសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ដូច្នេះហើយបញ្ហានេះ ត្រូវគេសង្ស័យឃុបឃិតគ្នា ទាំងព្រមបំផ្លិចបំផ្លាញ ទាំងព្រៃឈើទាំងផ្លូវថ្នល់ជាដើម។ល។
សៀមរាបប៉ុស្ដិ៍ មិនអាចស្វែងរកសុំការបំភ្លឺពីលោក កែវ សុងហេង តំណាងក្រុម ហ៊ុន(អ៊ឹមឌីអេស)នោះបានទេ ដោយមិនមានលេខទូរសព្ទ។SRដោយ ហេងរស្មី

SR969