ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក ញ៉ែម សេង ក្លាយជាប្រធាន ការិយាល័យគយច្រកទ្វារអន្តរជាតិ ព្រែកចាក រួចមក គឺទំនិញដែលឈ្មួញ នាំចូលតាមច្រកនេះ បង់ពន្ធយ៉ាងច្រើនត្រឹម៤០ ទៅ៥០ភាគរយប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ រដ្ឋត្រូវខាត បង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុង១ខែៗ។ លើសនេះទៅទៀតសូម្បី តែអាជីវករខ្មែរដឹកជញ្ជូន កសិផលដូចជា ពោត សណ្ដែក ដំឡូងមី គ្រាប់ស្វាយចន្ទី ជាដើមចេញទៅស្រុកយួន គឺត្រូវលោក ញ៉ែម សេង ជំរិតយកលុយ ដោយគ្មានយោគ យល់ឡើយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមួយរយៈកន្លងទៅនេះលោក ញ៉ែម សេង មេគយច្រកព្រែកចាក ដែលមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កំពុងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីក្រុមឈ្មួញ អាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីនាំទំនិញពីស្រុកយួនចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថាលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ប្រើអំណាចជំរិតយកលុយពីពួកគាត់ស្រេចតែអំពើចិត្ត។ បើតាមប្រភពពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានបង្ហាញឲ្យដឹងថាលោក ញ៉ែម សេង ចំណាយដើមទុនយ៉ាងច្រើនដើម្បីទទួលបានតំណែងជាមេគយប្រចាំច្រកព្រែកចាក ទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមដោយគ្មានញញើតអ្វីទាំងអស់។ ជាងនេះទៅទៀតការដែលលោក ញ៉ែម សេង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយខេត្តកំពតផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូននិងសុខស្រួល។
ប្រជាពលរដ្ឋដែលនាំចូលទំនិញដូចជា បន្លែបង្ការផ្លែឈើ និងគ្រឿងឧបភោគបរិភោគពីស្រុកយួនតាមច្រកព្រែកចាក បានឲ្យដឹងថា សមត្ថកិច្ចគយគាបសង្កត់ពួកគាត់កាន់តែខ្លាំងឡើងៗដោយពុំមានការយោគយល់នោះទេ។ ប៉ុន្តែលោក ញ៉ែម សេង និងមន្ត្រីក្រោមឱវាទបែរជាឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ស្រេចតែអំពើចិត្តហើយមានការឃុបឃិតបន្លំប្រភេទទំនិញដើម្បីប្រមូលលុយតាមរបៀបពុករលួយបំផ្លាញចំណូលពន្ធរដ្ឋយ៉ាងកំរោល។ សមត្ថកិច្ចពាក់ព័ន្ធខ្លះបានឲ្យដឹងថា ចាប់តាំងពីលោក ញ៉ែម សេង ត្រូវបានប្រកាសតែងតាំងជាប្រធានការិយាល័យគយច្រកព្រែកចាក គឺលោក ញ៉ែម សេង ប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំង ៕
Recent Comments