លោក​ស្រីជា​ ខេង​ ប្រពន្ធ​លោក​ ស៊ុយ ​សែម​ រដ្ឋមន្រ្តីក្រ​សួងរ៉ែ និង​ថាមពលបូម​ខ្សាច់​នៅតំបន់​កោះថា​ស?

សេចក្ដីរាយការណ៍ ​ពី​មន្ត្រីរាជការ​នៅ​ក្រុង​ពោធិ៍សាត់  បាន​ឲ្យ​ដឹង​ទៀតថា  កន្លងមក​ភរិយា​លោក ម៉ៅ ធនិន  អភិបាលខេត្ត​ពោធិ៍ សាត់ គឺជា​អ្នក​ប្រើ​អំណាច​ ធ្វើ​សកម្មភាព​បូម​ខ្សាច់​ នៅ​តំបន់​កោះ​ថាស និង​តំបន់​ មួយចំនួនទៀត​ដោយ​គ្មាន​ ញញើត​អ្វី​ឡើយ  ​។ ឥឡូវនេះ​អ្នកស្រី  ជា ខេង ភរិយា​លោក ស៊ុយ សែម  រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល  ក៏​ជាប់​ពាក់ព័ន្ធ​ទៅ នឹង​សកម្មភាព​ បូម​ខ្សាច់​បំផ្លាញ​រមណីយដ្ឋាន ​កោះ​ថាស​ដែលជា​តំបន់​ប្រវត្តិសាស្ត្រ​នោះដែរ​? ។ ដោយសារតែ​អ្នកប្រព្រឹត្ត​បទល្មើស​មាន​ខ្នង បង្អែក​យ៉ាងរឹងមាំ​បែបនេះហើយ ទើប​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់​នៅ​តំបន់​កោះ​ថាស និង​តំបន់​ទំនប់ទឹក​នោះទេ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​ថែមទៀត​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​កោះ​ថាស ក្រុង​ពោធិ៍សាត់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​បែបនេះហើយ ទើប​អ្នកស្រី ជា ខេង ហ៊ាន​ប្រើ​អំណាច​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​កោះ​ថាស ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​កោះ​ថាស ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នោះទេ ព្រោះ​ខ្លាច​អំណាច​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែលជា​ចៅហ្វាយនាយ​របស់ខ្លួន​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ពោធិ៍សាត់ បាន​កត់សម្គាល់ថា នៅពេល​ឃោសនាបោះឆ្នោត​ម្តងៗ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម តែង​ទិញ​សារុង​ក្រមា និង​ប៊ីចេង​យក​ចែក​ប្រជាពលរដ្ឋ​ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្តល្អ​របស់ខ្លួន​។ តែ​តាមពិត​អ្នកស្រី ជា ខេង មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​កោះ​ថាស ប្រមូល​លុយ​បាន​មិនតិច​នោះទេ​ដោយសារ​អាង​ប្ដី​របស់ខ្លួន​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។ បញ្ហា​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​ឡើងវិញ​ខ្លះ​ផង ព្រោះ​អ្នកស្រី ជា ខេង អាង​មាន​ប្ដី​ជា​ខ្នងបង្អែក​កំពុង​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ខេត្តពោធិ៍សាត់ យ៉ាង​មហន្តរាយ​៕

Pic4381 Pic439