រំលឹកអំឡុងដើម ខែមេសា ឆ្នាំ២០១៦ កន្លងទៅលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានខ្លាំងៗ ទៅលើលោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធា នីភ្នំពេញ ដែលធ្វើផ្លូវគ្មាន គុណភាពហើយសូម្បី តែជួសជុលផ្លូវឡើ ងវិញក៏មិន បានល្អ ដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ចាត់វិធានការទៅលើភាពអសកម្មនិងខ្វះការទទួលខុសត្រូវរបស់លោក សាំ ពិសិដ្ឋ នៅឡើយទេហើយលោក សាំ ពិសិដ្ឋ នៅតែកាន់កាប់តំណែងជាប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញយ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានការសង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលបានផលប្រយោជន៍ពីលោក សាំ ពិសិដ្ឋ ទើបបណ្ដោយឲ្យលោក សាំ ពិសិដ្ឋ ធ្វើអ្វីៗតាមអំពើចិត្តជិះសេះលែងដៃ ។
តាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ការដែលលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ជាក់ស្ដែងផ្លូវក្នុងរាជធានីភ្នំពេញ ជាច្រើនខ្សែធ្វើមិនទាន់រួចរាល់ផងក៏ខូចទៅវិញអស់ ដោយសារតែផ្លូវទាំងនោះគ្មានគុណភាពនិងធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ប្រភពខ្លះបានឲ្យដឹងថា ដោយសារតែអំពើពុករលួយចាក់ស្ដើងស៊ីក្រាស់ឬធ្វើផ្លូវជាប់រហូតទើបផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញកំពុងខូចវិញជាបន្តបន្ទាប់ដូចជា ផ្លូវនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនជាដើម ហើយបច្ចុប្បន្នផ្លូវទាំងនោះកំពុងធ្វើឡើងវិញ។
ថ្មីៗនេះបណ្ដាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីភាពអសកម្មនិងអំពើពុករលួយរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលល្បីល្បាញខាងពុករលួយហើយធ្វើផ្លូវ ជួសជុលផ្លូវគ្មានគុណភាព។ មានការរិះគន់ចំៗថា សូម្បីតែករណីប្រឡងយកប័ណ្ណបើកបររថយន្ត ក៏ដូចជាការធ្វើស្លាកលេខឡាន រថយន្ត និងម៉ូតូ ក៏មានអំពើពុករលួយកើតឡើងដែរ ហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បែរជារក្សាភាពស្ងៀមស្ងាត់។ មានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើលឡើងវិញអំពីភាពអសកម្មនិងអំពើពុករលួយរបស់លោក សាំ ពិសិដ្ឋ ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រសួងសាធារណការ និងដឹកជញ្ជូន។ អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សាំ ពិសិដ្ឋ ជាបន្ទាន់ ៕
Recent Comments