សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋឲ្យអង្គភាពយើងដឹងថាបច្ចុប្បន្នល្បែងស៊ីសងច្រើនប្រភេទដូចជា ចាក់ទឹកភ្លៀង ភ្នាល់បាល់ទាត់ កន្ទុយលេខ និងហ្គេមតាមប្រព័ន្ធអ៊ីនធឺណេតកំពុងរាលដាលយ៉ាងខ្លាំងនិងកក្រើកចៅហ្វាយច័ន្ទសុផលខណៈធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋបន្តថា លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង មិនយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គមដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ហេតុនេះហើយទើបបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម ក៏ដូចជាបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនរាលដាលកាន់តែខ្លាំងទាំងនៅក្នុងក្រុងបាត់ដំបង និងខេត្ត។ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ល្បែងភ្នាល់បាល់ទឹកភ្លៀងនិងហ្គេមតាមប្រព័ន្ធអ៊ីនធឺណេតរាលដាលកាន់តែខ្លាំងក្នុងក្រុងបាត់ដំបង ធ្វើឲ្យសិស្សានុសិស្សនិងយុវវ័យមួយចំនួនញៀនល្បែងទាំងនោះភ្លេចការរៀនសូត្រ ហើយអំពើចោរកម្មលួចប្លន់កំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ប្រជាពលរដ្ឋបានត្អួញត្អែរថា ដោយសារតែល្បែងស៊ីសងទាំងនោះធ្វើឲ្យកូនចៅពួកគាត់ឈ្លក់វង្វេងលេងស្ដាប់បង្គាប់ឪពុកម្ដាយ ហើយអ្នកខ្លះយកម៉ូតូដែលឪពុកម្ដាយទិញឲ្យជិះទៅរៀន ទៅដាក់បញ្ចាំយកលុយលេងល្បែងតាំងពីព្រឹកព្រលឹមរហូតដល់យប់។ អភិបាលក្រុងបាត់ដំបង ក៏ដូចជាលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានដឹងយ៉ាងច្បាស់ពីល្បែងស៊ីសងច្រើនប្រភេទដែលកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង។ក៏ប៉ុន្តែគេមិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងទឹកភ្លៀងហ្គេមតាមអ៊ីនធឺណេតដែលកំពុងពង្វក់ស្មារតីសិស្សានុសិស្សនិងយុវវ័យក្នុងក្រុងបាត់ដំបង មានដូចជានៅចំណុចវាលស្រែ១០០ភូមិរំចេក៤មួយកន្លែង ចំណុចខាងជើងផ្សារទំនើបបុរីថ្មីភូមិកម្មករ ចំនួន២កន្លែង ចំណុចក្បែរផ្ទះសំណាក់លុច្សភូមិ២០ឧសភា១កន្លែង ចំណុចក្បែរមណ្ឌលសុខភាពស្វាយប៉ោ១កន្លែង ចំណុចខាងលិចផ្សារណាត់២កន្លែង ចំណុចខាងកើតចំណតរថយន្តផ្សារបឹងឈូកចំនួន៣កន្លែង។ ទីតាំងហ្គេមអ៊ីនធឺណេតទាំងនេះមានបង្កប់ល្បែងភ្នាល់បាល់ទាត់និងល្បែងតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ដោយសារតែព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងបាត់ដំបងជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ទំនងជាទទួលបានផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសង ទើបបណ្ដោយឲ្យមានល្បែងស៊ីសងក្នុងក្រុងបាត់ដំបងទើបមិនការបង្រ្កាប។អង្គភាពយើងរង់ចាំបកស្រាយបើមានប្រតិកម្មពីសមត្ថកិច្ចពាក់ព័ន្ធ៕
Recent Comments