សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ គឺកើតមាននៅតាមបន្ទាត់ព្រំដែនចំណុចភូមិចម និងភូមិតាង៉ា ឃុំញ៉ាង ចន្លោះបង្គោលព្រំដែនលេខ១៧ ១៨ និង១៩។ ឈើទាំងនោះឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋក្នុងស្រុកអណ្ដូងមាស ហើយដឹកជញ្ជូនយកទៅលក់នៅព្រំដែនយួនដែលមានចម្ងាយត្រឹមជាង១០០ម៉ែត្រពីព្រំដែនកម្ពុជា។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរិះគន់ចំៗថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញខ្មែរ និងឈ្មួញយួនប្រមូលទិញឈើដឹកចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ជាក់ស្ដែងមិនមែនតែនៅតាមតំបន់ព្រំដែនក្នុងស្រុកអណ្ដូងមាសទេ ដែលឈ្មួញកំពុងសម្រុកដឹកឈើចេញទៅស្រុកយួន គឺនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងជាច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវ ក៏ឈ្មួញជាច្រើននាក់នៅតែបន្តដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនដែរ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈ្មួញជាច្រើននាក់បានជួលប្រជាពលរដ្ឋឲ្យដឹកឈើទៅស្រុកយួនតាមច្រករបៀងលេខ១៩ហៅច្រកបារី យ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។ មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកអណ្ដូងមាស ក៏ដូចជាលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី កំពុងរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញជួលប្រជាពលរដ្ឋឲ្យដឹងឈើតាមម៉ូតូចេញទៅស្រុកយួនក្នុង១ថ្ងៃៗរាប់រយគ្រឿង។ ជាងនេះទៅទៀតនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាមន្ត្រីអាវុធហត្ថមួយចំនួនក៏អាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ដែរ ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើដែលកើតឡើងយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកអណ្ដូងមាស។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិចម និងភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ពួកគាត់បានឃើញម៉ូតូប្រមាណ២០០គ្រឿងត្រូវឈ្មួញខ្មែរ និងឈ្មួញយួនជួលឲ្យដឹកឈើប្រណីតចេញទៅស្រុកយួនតាមច្រករបៀងលេខ១៩ហៅច្រកបារី។ ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា ការដែលឈ្មួញជួលប្រជាពលរដ្ឋឲ្យដឹកជញ្ជូនឈើតាមម៉ូតូចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង គឺមានការបើកដៃពីមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចប្រចាំប៉ុស្ដិ៍ច្រករបៀងលេខ១៩ហៅច្រកបារី។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺពុំមានសកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូរាប់រយគ្រឿងចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃបានឡើយ៕
Recent Comments