ប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថាមួយរយៈពេលចុង ក្រោយនេះលោក អន អង្គារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ល្បីឈ្មោះកាន់តែខ្លាំងក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ។ ក្រុមឈ្មួញដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនត្រូវបង់លុយតាមការកំណត់របស់លោក អន អង្គារ៉ា ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅ ព្រោះលោក អន អង្គារ៉ា តែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកគយមកប្រើដើម្បីការពារទង្វើមិនប្រក្រតីរបស់ខ្លួន។ ហេតុនេះហើយទើបមានការរិះគន់ចំៗថាលោក អន អង្គារ៉ា មេគយច្រកអូរយ៉ាដាវកំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ដោយសារអាងមានខ្នងបង្អែករឹងមាំ ហើយសូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។
ឈ្មួញជាច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបឡើយ។ សមត្ថកិច្ចជាច្រើនស្ថាប័នឈរជើងលើផ្លូវជាតិលេខ៧៨ ពីក្រុងបានលុង ទៅដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលកំពុងបន្ត សកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមនោះទេ ហើយគិតតែពីរឿងឃុបឃិតគ្នាប្រមូលមុយដាក់ហោប៉ៅ។ ក្នុងនោះក្រុមមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ត្រូវប្រឈមនឹងការរិះគន់ថា កំពុងឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហើយបើកច្រកឲ្យឈ្មួញដឹកជញ្ជូនឈើចេញស្រុកយួនយ៉ាងពេញបន្ទុកជាពិសេសនៅពេលយប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
មន្ត្រីតូចតាចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា លោក អន អង្គារ៉ា មេគយប្រចាំច្រកនេះកំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ ប្រភពបានឲ្យដឹងទៀតថា ករណីឈ្មួញជាច្រើននាក់បន្តសម្រុកដឹកជញ្ជូនឈើចេញទៅស្រុលយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺជាប្រភពចំណូលដ៏ធំរបស់ប្រធានការិយាល័យគយប្រចាំច្រកនេះ មិនតែប៉ុណ្ណោះគេថែមទាំងបើកដៃឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុកផងដែរ។ ពាក់ព័ន្ធបញ្ហាខាងលើនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនទាន់គិតគូរចាត់វិធានការទប់ស្កាត់នៅឡើយទេ។
បើតាមក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុលយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថាបច្ចុប្បន្ននេះលោក អន អង្គារ៉ា មេគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបង្កើនការជំរិតយកលុយពីពួកគេតាមរបៀបពុករលួយកាន់តែច្រើនឡើងៗក្រោមលេសយកទៅជូនមេៗថា្នក់លើ។ ឈ្មួញខ្លះបានឲ្យដឹងថាកន្លងមកនៅពេលពួកគេដឹកឈើទៅស្រុកយួនតាមរថយន្តសាំយ៉ុង១គ្រឿងត្រូវបង់លុយឲ្យសមត្ថកិច្ចគយពី១០០ទៅ១៥០ដុល្លារ? ប៉ុន្តែឥឡូវគេតម្រូវឲ្យបង់គុណនឹងពីរគឺ២០០ដុល្លារទៅ៣០០ដុល្លារ ដូច្នេះមុខរបរដឹកជញ្ជូនឈើរបស់ពួកគេនាពេលបច្ចុប្បន្ន ស្ទើរតែគ្មាននៅសល់លុយចំណេញសម្រាប់យកទៅដោះស្រាយជីវភាពគ្រួសារឡើយ។ ក្រុមឈ្មួញដឹកជញ្ជូនឈើបានឲ្យដឹងថានៅច្រកអូរយ៉ាដាវ សព្វថ្ងៃនេះមានសមត្ថកិច្ចជាច្រើនស្ថាប័នកំពុងតែប្រព្រឹត្តអំពើពុករលួយចាំជំរិតយកលុយពីពួកគេ ហើយមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍គឺជាអ្នកគាបជំរិតយ៉ាងខ្លាំង។
Recent Comments