ប្រជាពលរដ្ឋក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ធ្លាប់បានអំពាវនាវ ឲ្យ លោក ប៊ុន សេង មេបញ្ជា ការយោធាយោធភូមិ ភាគ៥ ក៏ដូច ជាលោក សួន បវរ អភិបាលខេត្តបន្ទាយ មានជ័យ និងលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ ចាត់ វិធាន ការទប់ស្កាត់ភាពមិនប្រក្រតីខាង លើនេះផង។ ប្រជាពលរដ្ឋបានរិះគន់ថា ការលោក ឃួន ជឿន មេបញ្ជាការយោធាវរការពារព្រំដែនលេខ៥០៣បើកដៃឲ្យឈ្មួញនាំចូលជ្រូកមាន់ទា ទាំងយប់ទាំងថ្ងៃតាមច្រកអូរបីជាន់ គឺបានធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ហើយក៏មានករណីឈ្មួញនាំចូលទំនិញខុសច្បាប់ ចំណីអាហារមានលាយសារធាតុគីមី មកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរផងដែរ។ តាមរយៈការប្រព្រឹត្តអំពើពុករលួយនេះលោកឧត្តមសេនីយ៍ ឃួន ជឿន និងមន្ត្រីក្រោមឱវាទអាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗយកទៅចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់ ក្នុងខណៈដែលលោក ប៊ុន សេង កំពុងតែរក្សាភាពស្ងប់ស្ងាត់ដែលសង្ស័យជាប់ពាក់ព័ន្ធផលប្រយោជន៍។
ប្រភពពីប្រជាពលរដ្ឋនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថាមកដល់ពេលនេះឈ្មួញនៅតែអាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ចូលតាមច្រកអូរបីជាន់ យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទពិនិត្យមើលសកម្មភាពរបស់ឧត្តមសេនីយ៍ ឃួន ជឿន មេបញ្ជាការយោធាវរការពារព្រំដែនលេខ៥០៣ ចំណុះឲ្យយោធភូមិភាគ៥ ជាបន្ទាន់ព្រោះមន្ត្រីយោធារូបនេះឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យតាមអំពើចិត្ត។ មន្ត្រីអាជ្ញាធរក្នុងឃុំអូរបីជាន់បានឲ្យដឹងថា មួយរយៈ ពេលចុងក្រោយនេះឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមច្រកអូរបីជាន់កាន់តែច្រើនហើយសូម្បីតែជ្រូក មាន់ ទា ក៏ឈ្មួញកំពុងតែសម្រុកនាំចូលតាមច្រកនេះយ៉ាងរលូនដែរ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធាយោធភូមិភាគ៥ រងការរិះ គន់ថា ជាអ្នកបើកដៃឲ្យមន្ត្រីយោធាក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសករណីមេបញ្ជាការយោធាវរការពារព្រំដែនលេខ៥០៣ បើកដៃឲ្យឈ្មួញនាំចូលជ្រូកមាន់ទា តាមច្រកអូរបីជាន់យ៉ាងគគ្រឹកគគ្រេង។ ប្រជាពលរដ្ឋក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះនៅច្រកអូរបីជាន់ មានឈ្មួញនាំចូលជ្រូក មាន់ ទា ពីប្រទេសសៀម កាន់តែច្រើនហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពពីពលរដ្ឋបានរាយការណ៍ទៀតថា នៅច្រកព្រំដែនអូរបីជាន់-ណងចាន់ ដែលគ្រប់គ្រងដោយយោធាវរការពារព្រំដែនលេខ៥០៣ចំណុះយោធភូមិភាគ៥ ដែលគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ ឃួន ជឿន មានឈ្មួញនាំចូលជ្រូក មាន់ទា និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីជំនាញនិងសមត្ថកិច្ចត្រួតពិនិត្យឲ្យបានត្រឹមត្រូវឡើយ។ ទន្ទឹមនឹងនេះប្រភពពីសមត្ថកិច្ចតូចតាចបានបង្ហើបឲ្យដឹងថា ឈ្មួញនាំចូលទំនិញដូចខាងលើនេះគឺមិនបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវទេ ព្រោះមានការឃុបឃិតបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយច្រើនស្ថាប័ន ៕
Recent Comments