ឧកញ៉ា ​លី យុង​ផាត់រ​ងការរិះគន់​រឿងបើកច្រក​សម្ងាត់

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ការទម្លាយ​ឲ្យ​ដឹង​ពី​មន្ត្រី​ច្រក​ចាំ​យាម អំពី​ការបើក​ច្រក​សម្ងាត់​របស់​ឧកញ៉ា លី យុង​ផាត់ នៅ​ចំណុច​រមណីយដ្ឋាន​កោះកុង រួមទាំង​កាស៊ីណូ និង សណ្ឋាគារ​របស់លោក​ឧក​ញ៉ាច​ម្ងា​យ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ថ្ងៃនោះ ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់​បន្ថែម​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការលួចបើក​ច្រក​សម្ងាត់​មួយ​នេះ ។​
​ ​
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ច្រក​សម្ងាត់​មួយ​នេះ គឺ​បើក​រាប់​ទសវត្ស​មកហើយ ហើយ​ជា​ច្រក​ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សមត្ថកិច្ច ឬ​អាជ្ញាធរ រាជរដ្ឋាភិបាល​នោះឡើយ ហើយ​ច្រក​មួយ​នេះ​ប្រើប្រាស់​មិន​ស្របច្បាប់​និង​សម្រាប់តែ​បំរើ​ផលប្រយោជន៍​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។​
​ ​
​ប្រភព​នោះបាន​បញ្ជាក់ថា ចាប់តាំងពី​បង្កើត​ច្រក​សម្ងាត់​នោះមក​ជនបរទេស​ដែល​ចូលមក​សម្រាក​ក្នុង​សណ្ឋាគារ​និង​ចូល​មកលេង​នៅ​កាស៊ីណូ​របស់លោក​ឧក​ញ៉ា លី យុង​ផាត់ គឺ​មិនត្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​នគរបាល​អន្តោប្រវេសន៍​ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ។​
​ ​
​ទន្ទឹម​នោះ​មុខទំនិញ​គេចពន្ធ សំខាន់​រថយន្ត​ទំនើបៗ ត្រូវបាន​គេ​នាំចូល​តាម​ច្រក​នេះ​ជា​បន្តបន្ទាប់​តាមរយះ​កូន​អ្នកធំ ហើយ​គ្រាន់តែ​បង់លុយ​ឲ្យ​ក្រុមហ៊ុន លី យុង​ផាត់ តាម​ការព្រមព្រៀង ឬ​ការឃុបឃិត​តាម​រូបភាព​ផ្សេងទៀត ។ របៀប​នៃ​ការនាំ​រថយន្ត​ទំនើប​គេចពន្ធ​ចូលមក​ស្រុក​ខ្មែរ​បាន​គឺ​មុនដំបូង​គេ​ធ្វើជា​អ្នក​ចូលមក​លេង​ក្នុង​កាស៊ីណូ ដោយ​ជិះ​រថយន្ត​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​សម្ងាត់​នោះ ។ បន្ទាប់មក​គេ​យក​លេខ​រថយន្ត​ស្រុក​ខ្មែរ​ចាប់​លើ​រថយន្ត​គេចពន្ធ​ទាំងនោះ ហើយ​ចូលមក​ស្រុក​ខ្មែរ​តែម្តង ។ ករណីនេះ​កើតមាន​ញឹក​ញ៉ាប់​ដោយ​ក្នុង​មួយខែៗ គេ​នាំចូល​ប្រមាណ​ពី​១០​ទៅ​១៥​គ្រឿង​ឯណោះ ។​
​ ​
​មន្ត្រី​ថ្នាក់ដឹកនាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ដែល​ស្ថិត​នៅក្បែរ​ច្រក​សម្ងាត់​ខាងលើនេះ​បាន​បង្ហើប​ប្រាប់ថា ច្រក​លោក​ឧកញ៉ា លី យុង​ផាត់ នេះ​ពុំមាន​មន្ត្រី​រាជរដ្ឋាភិបាល​ណា​ម្នាក់​ហ៊ាន​ចូល​ត្រួតពិនិត្យ​នោះទេ សូម្បីតែ​ធ្វើជា​ដឹងឮ​ក៏​មិន​ហ៊ាន​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន អំពី​ច្រក​សម្ងាត់​នេះ ប្រាកដ​ណាស់​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការដក​ចេញពី​តំណែង​មិន​ខាន ។​
​ ​
​មន្ត្រី​រូបនោះ​អះអាងថា សូម្បីតែ​សណ្ឋាគារ​មួយ​របស់លោក​ឧកញ៉ា លី យុង​ផាត់ ដែល​គេ​ដឹងថា មាន​បន្ទប់​ប្រមាណ​៥០០​បន្ទប់ ហើយ​ប​ច្ចុ​ប្ប​បាន​ជួល​ផ្តាច់មុខ​ឲ្យ​ជន​ជាតិចិន​មួយក្រុម​ដែល​គេ​សង្ស័យថា ជា​ក្រុមមនុស្ស​មិនសូវ​ល្អ​នោះ​ក៏​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ទាំង​ធ្វើ​ដឹង​ធ្វើ​ឮ​ផង ។ គាត់​បញ្ជាក់ថា តំបន់​នោះ​ហាក់​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ការគ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល ។ ប៉ុន្តែ​គេ​មិន​ហ៊ាន​និយាយថា ជា​តំបន់អប្បគមន៍​នោះឡើយ ។​
​ ​
​យើងព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ឬក៏​តំណាង​ក្រុមហ៊ុន​ផងដែរ ប៉ុន្តែ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បាន​នៅឡើយ ។ យ៉ាងណាក៏ដោយ យោងតាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ដកស្រង់​សំដី​របស់​តំណាង​ក្រុមហ៊ុន​ម្នាក់ ដែល​បាន​អះអាងថា ព័ត៌មាន​ដែល​គេ​ទទួលបាន​នោះ​មិន​ពិត​ឡើយ ។​
​ ​
​តាម​ភ្នំពេញ​ប៉ុស្តិ៍ ដកស្រង់​សំដី​របស់​កូនប្រុស​ប្រសារ​របស់លោក លី យ៉ុង​ផាត់ លោក សេង ញាក់ (Seng Nhak) ដែល​បាន​ថ្លែងថា​នរណា​ក៏ដោយ​ដែល​បាន​ប្រើ​ផ្លូវ​នោះ​ដើម្បី​ចូលទៅ​ប្រទេស​ថៃ​នៅតែ​ត្រូវតម្រូវ​ឲ្យ​មាន​ប័ណ្ណ​ឆ្លងកាត់​ជាមុនសិន​តាមរយៈ​ការត្រួតពិនិត្យ​អន្តោប្រវេសន៍​នៅ​ប៉ុស្តិ៍​ផ្លូវការ​។​

​លោក ញាក់ (Nhak) បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​អ្នក​អាចមាន​ផ្លូវ​ជាច្រើន​ទៅ​ប៉ុស្តិ៍​ព្រំដែន ប៉ុន្តែ​មាន​ការិយាល័យ​ចេញចូល​តែមួយ​ដែល​អ្នក​រាល់គ្នា​ត្រូវ​ឆ្លងកាត់​»​។ លោក​បាន​ពន្យល់ថា លោក​បានបញ្ជាក់​ជាមួយ​រមណីយដ្ឋាន​កោះកុង​ថា​អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ក៏​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផងដែរ ៕

19416104_272472079827142_217142027_n