លោក ឆែ សុធាប្រធាន​សាខាគយ​ខេត្តបន្ទាយ​មានជ័យ​ប្រព្រឹត្តអំពើពុករ​លួយខណៈ​មានខ្នង​បង្អែក​ដ៏រឹងមាំ?

ខេត្តបន្ទាយមានជ័យ៖ប្រភពពី​ភ្នាក់ងារ​គយ​​តូចតាច​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឆែ សុធា មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ គឺ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និ​ង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក មិន​ខុសពី​ពេលដែល​លោក ថោង សុខាំ​ភូ នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​នោះទេ​។ ប្រ​ភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឆែ សុធា បើកដៃ​ឲ្យ​កូនចៅ​ជិតស្និទ្ធ​ជាមួយ​ខ្លួន​មួយចំនួន ជំរិត​យកលុយ​ពី​ឈ្មួញ និង​អាជីវករ​បើទោះបី​ឈ្មួញ​និង​អាជីវករ​ទាំងនោះ​​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ​។រឿងអាស្រូវ​របស់លោក ឆែ សុធា ក្នុងការ​បណ្ដោយ​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​អ្នកបើកបរ​រថ​យន្ត​តាក់ស៊ី​ដឹកទំនិញ​យ៉ាង​អនាធិបតេយ្យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ មិនទាន់មាន​វិធានការ​អ្វី​លើ​លើ ឆែ សុធា នៅឡើយ​ទេ​។ បច្ចុប្បន្ន​ប៉ុស្ដិ៍​ជជុះ​របស់​គយ​នៅ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ពី​ក្រុង​ប៉ោយប៉ែត មក​ទី​រួម​ខេត្តបន្ទាយ​មានជ័យ កំពុង​ធ្វើ​ឲ្យ​ឈ្មួញតូចតាច​និង​អាជីវករ​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​មន្ត្រី​គយ​ឈរជើង​នៅ​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​ដោយ​គ្មា​ន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក ឆែ សុធា និង​បក្ខពួក​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ដើ​ម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឆែ សុធា បាន​ឲ្យ​ដឹងថា ការដែល​​មេ​គយ​ខេត្តបន្ទាយមានជ័យ​រូបនេះ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ គឺ​ដោយ​សារ​អាង​មាន​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​បក្ខពួក​ខ្លះ​ផង​។ ដោយហេតុថា បច្ចុប្បន្ន​ទំនិញ​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចជា ប្រេងសាំង ទំនិញ​ចាប់ហួយ ភេសជ្ជៈ​ជាដើម។ ត្រូវបាន​ឈ្មួញ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង ហើយ​លោក ឆែ សុធា និង​បក្ខពួ​ក​បែរជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ក្រុម​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​ទៅវិញ​។​សារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការបើមានប្រតិកម្ម៕

2016-10-06-146