ឈ្មួញ​ធំៗ ​សម្រុកនាំ​ទំនិញ​គេចពន្ធ​និងទំនិញ​បង់ពន្ធមិន​គ្រប់ចូល​តាមច្រក​ទ្វារ​អន្តរជាតិ​ព្រំទាំងយប់​ទាំង​ថ្ងៃ

ប្រភពបានឲ្យដឹងថា  ក្រុមឈ្មួញដែលកំពុងនាំទំនិញ គេចពន្ធនិងបង់ពន្ធមិន គ្រប់ចូលតាមច្រកទ្វារ អន្តជាតិព្រំ ខេត្ត ប៉ៃលិន ពួកគេ ធ្លាប់ប្រព្រឹត្តបែបនេះ ជាយួរមកហើយដោយ សារមានការឃុបឃិតពី មេគយច្រកព្រំ និងមេគយខេត្តប៉ៃលិន  មុនៗដែលគិតតែពីរឿងប្រមូលលុយ ធ្វើមានធ្វើបានផ្ទាល់ ខ្លួន។ ដល់ពេល ដែលលោក សំ សុវណ្ណារិទ្ធ ឡើងកាន់តំណែង ជាប្រធានសាខាគយខេត្តប៉ៃលិន  ហើយលោក ទី ប៊ុនឡង់ ឡើងកាន់ តំណែង ចាមេគយ ច្រក ទ្វារអន្តរជាតិព្រំ គឺឈ្មួញទាំង នោះកំពុងនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែ ខ្លាំងក្លាជាងមុនទៅទៀត។ ហេតុនេះហើយទើបចំណូល ពន្ធគយក្នុងខេត្តប៉ៃលិន មានការធ្លាក់ចុះយ៉ាង គំហុកកាលពីខែមេសាកន្លងទៅព្រោះមួយផ្នែក នៃចំណូលពន្ធដែលបាត់បង់នោះត្រូវបានគេដឹងថា ហូរចូល ក្នុងហោប៉ៅមន្ត្រីគយពុករលួយ។

ប្រភពពីសមត្ថកិច្ចតូចតាច នៅច្រកទ្វារអន្តរជាតិព្រំ  ខេត្តប៉ៃលិន បានឲ្យដឹងថារយៈ ពេលប្រមាណមួយខែកន្លងទៅនេះមាន ឈ្មួញធំៗជាច្រើន នាក់ សម្រុក នាំទំនិញ គេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងពេញបន្ទុកតែម្តង។ ប្រភពបាន ឲ្យដឹងទៀតថាការដែលលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ហ៊ាមបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង បែបនេះគឺមានការឃុប ឃិតបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិនផងដែរ។ ជាពិសេសអាច មានជាប់ពាក់ព័ន្ធជាមួយ មេគយធំៗ នៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ដែលបាន ទទួលផលប្រយោជន៍ជាប្រចាំ។

ថ្មីៗនេះមានការរិះគន់ថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជាអ្នកបើកដៃឲ្យលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្ត ។ មន្ត្រីគយនិងភ្នាក់ងារគយតូចតាចនៅខេត្តប៉ៃលិនបានឲ្យដឹងថា ចំណូលពន្ធគយក្នុងខេត្តប៉ៃលិន កាលពីខែមេសាកន្លងទៅមានការធ្លាក់ ចុះយ៉ាងគំហុកគឺធ្លាក់ក្រោមការ កំណត់របស់ថ្នាក់លើដោយរកចំណូល បានតែជាង៣០០០លានរៀលប៉ុណ្ណោះ។ មានប្រភពខ្លះបានឲ្យដឹងថាមកពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និង លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ គិតតែពីរឿងឃុបឃិតគ្នាប្រមូលលុយដាក់ហោប៉ៅ តាមរបៀបពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំង អស់ដោយសារមាន ការឃុបឃិតបើកដៃពីលោក គុញ ញឹម ដែលជាចៅហ្វាយនាយ។

តាមការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថាសព្វថ្ងៃនេះ លោក ទី ប៊ុនឡង់ ដែលជាមេគយ ប្រចាំច្រកទ្វារអន្តរ ជាតិ ព្រំ ដោយមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងបើកដៃឲ្យឈ្មួញច្រើន នាក់នាំចូលទំនិញគេចពន្ធនិង ទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។ មានសេចក្តីរាយការណ៍ថាឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិព្រំ ដោយដឹក ជញ្ជូនតាម រថយន្ត យីឌុបធំៗក្នុងមួខែៗរាប់រយគ្រឿង ហើយឈ្មួញត្រូវបង់លុយឲ្យមន្ត្រីគយតាមការកំណត់ទើបចៀសផុតពីការបង្ក្រាប។ ទាក់ទងនឹងបញ្ហាខាងលើនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្តែត បណ្តោយឲ្យមន្ត្រីគយនៅខេត្តប៉ៃលិន ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ៕

IMG_2013