ខេត្តកោះកុង ៖ តាមព័ត៌មានដែលទទួលបានក្នុងទូកមួយគូរ ត្រូវបង់៧ពាន់ដុល្លារ ប្រសិនបើទូកគូនោះអូសពីព្រំដែនវៀតណាម ចូលមកសមុទ្រកម្ពុជា ដល់ត្រង់ចំណុចកោះតាង ។ ប៉ុន្តែបើគេចង់អូសឡើងទៅដល់ចំណុចកោះកុងគឺត្រូវបន្ថែម២ពាន់ដុល្លារទៀត ។ ទន្ទឹមនឹងនោះក្រុមនេសាទវៀតណាមដែលប្រកបរបរនេសាទខុសច្បាប់ខាងលើ ត្រូវបន្ថែមលុយ១៣០០ដុល្លារ សម្រាប់នាយនគរបាលម្នាក់ទៀត ដែលទទួលខុសត្រូវលំហរសមុទ្រត្រង់ចំណុចខាងលើ ។
ប្រជាពលរដ្ឋបានរាយការណ៍ថា សព្វថ្ងៃនេះ ទូកនេសាទធំៗ របស់ជនជាតិវៀតណាមបាននឹងកំពុងចូលនេសាទយ៉ាងអាណាធិបតេយ្យក្នុងលំហរសមុទ្រនៃអាណាចក្រខេត្តកោះកុង ក្រោមការឃុបឃិតនឹងបើកដៃពីមេកងទ័ពជើងទឹកនិងមេនគរបាលទទួលបន្ទុកសន្តិសុខលំហរសមុទ្រ ដោយពួកគេគ្រាន់តែបង់លុយតាមការកំណត់របស់មន្ត្រីយោធានិងនគរបាលតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានបន្តថា អ្នកនេសទជនជាតិវៀតណាមក្រោមការសម្របសម្រួលពីមេខ្លោង២រូប គឺទី១/ ឈ្មោះ វៀង ថាន់ទៀង ភេទស្រី ជាជនជាតិវៀតណាម និងទី២/ ឈ្មោះ លឹម សៀម ហៅអាខ្លា ជនជាតិវៀតណាមដូចគ្នា បានចូលមកធ្វើសកម្មភាពយ៉ាងសកម្មតាមរយះទូកអូសគូ ដែលបំពាក់ឧបកណ៍នេសាទ ទំនើបៗ និងបំផ្លាញពូជមច្ឆាជាតិក្នុងសមុទ្រកម្ពុជា ដោយមានការការពារពីមេខ្លោងទាំង២នាក់ខាងលើ ខណដែលមេខ្នោងទាំងនោះបានយកលុយទៅសូកមេយោធា និងនគរបាលជើងទឹក ដើម្បីបំបិទមាត់ ។
ប្រជាពលរដ្ឋបានអះអាងថា ព័ត៌មាននៃអំពើពុករលួយខាងលើនេះ គឺពួកគាត់ទទួលបានពីការអួតអាងរបស់មេខ្លោងជនជាតិវៀតណាមទាំង២នាក់នោះ ព្រោះថា មេខ្លោងទាំង២នាក់នោះ បានដើរអួតប្រាប់គេប្រាប់ឯងថា គេមិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះឡើយ ដោយហេតុថា ទាំងមេយោធាជើងទឹក និងមេនគរបាលជើងទឹកក្នុងលំហរសមុទ្រសុទ្ធតែបានទទួលលុយដូចអ្វីដែលពួកគេបានបង្ហាញខាងលើនោះអស់ហើយ ( SIC ) ។
ប្រជាពលរដ្ឋលើឡើងថា ភាពអាណាធិបតេយ្យ នៃទូកនេសាទវៀតណាមចូលមកនេសាទក្នុងដែន សមុទ្រកម្ពុជា នៅចំណុចខាងលើពុំមានការលាក់បាំងនោះទេ ហើយនរណាក៏បានដឹងគ្រប់ៗគ្នា ។ ប៉ុន្តែម្នាក់ៗ បានគ្រាន់តែដឹងប៉ុណ្ណោះ ហើយមិនហ៊ាននិយាយអ្វីទាំងអស់ ព្រោះខ្លាចអំណាចកងយោធានិងនគរបាលជើងទឹកទាំងអស់នោះ ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានអំពាវនាវតាមរយះសារព័ត៌មាន ផ្តល់ព័ត៌មានទៅថ្នាក់លើ ដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់ បើពុំនោះទេ មច្ឆាជាតិក្នុងសមុទ្រកម្ពុជា និងវិនាសហិនហោចមិនខាន ព្រោះទូកនេសាទវៀតណាមទាំងនោះ បំពាក់ឧបករណ៍ទំនើបៗ ដើម្បីស្រូបយកត្រី រួមទាំងប្រភេទសត្វដែលរកក្នុងសមុទ្រទាំងអស់ ទោះតូចក្តីធំក្តី ។ ដូច្នេះវានិងបំផ្លាញមច្ឆាជាតិក្នុងសមុទ្រគ្មានសេសសល់នោះឡើយ ៕
Recent Comments