លោក ​ម៉ែន​ លី ស្នង​ការនគ​របាលខេត្ត​ឧត្តរមានជ័យ​ដាក់កុង​ត្រូល​ជជុះ?

ប្រភពពីប្រជាពលរដ្ឋនិង មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់កូនក្រៀល  ក្រុងសំរោង  បានបញ្ជាក់ថា ជារៀងរាល់ ថ្ងៃពួកគាត់តែង សង្កេតឃើញ មានរថយន្តបិទស្លាក លេខនគរបាល ដែលភ្ជាប់ភ្លើង ស៊ីរ៉ែនពីលើដំបូល  និងមានមន្ត្រីនគរបាលឈ្មោះ  តឿ ដាក់ប៉ុស្តិ៍២៤ ម៉ោងលើ២៤ ម៉ោង ត្រង់ចំណុច អក្សរតេ សង្កាត់កូនក្រៀល ក្រុងសំរោង ចាំប្រមូលលុយពីរថយន្តដឹកឈើឬ ដឹកទំនិញផ្សេងៗយ៉ាងគឃ្លើន។ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលពួកគាត់ដឹកបង្គោលរបង ឬ ដឹកឈើយកទៅសាងសង់ផ្ទះសម្បែងត្រូវបង់លុយឲ្យមន្ត្រីនគរបាលឈ្មោះ តឿ តាមការកំ ណត់ទើបអាចចៀសផុតពីការរំខាន។ ការដែលមន្ត្រីនគរបាលឈ្មោះ តឿ ហ៊ានធ្វើអ្វីៗតាមអំ ពើចិត្តគឺដោយសារអាងលោកស្នងការរង ផេង ដារ៉ា ជាអ្នកអនុញ្ញាតឲ្យបង្កើតកុងត្រូលជជុះនេះដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងរំភើយ។

កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាជាច្រើនលើកឲ្យអាជ្ញាធរនិងសមត្ថកិច្ចតាម បណ្តាខេត្តនានាលុបបំបាត់កុងត្រូលជជុះឲ្យអស់ដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែជាក់ស្តែងអាជ្ញាធរនិងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តឧត្តរមានជ័យជាដើម មិនអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលឡើយ។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់មានកុងត្រូលជជុះជាច្រើនកន្លែង ហើយសមត្ថកិច្ចប្រចាំកុងត្រូលជជុះទាំងនោះគឺជាកូនចៅរបស់លោក ផេង ដារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យទទួលបន្ទុកផែនសេដ្ឋកិច្ច។ ចំណែកប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏បានត្អូញត្អែរពីរឿងកុងត្រូល ជជុះកើតឡើងជាច្រើនកន្លែងកំពុងរំខានដល់ការប្រកបរបររកស៊ីរបស់ពួកគាត់ផងដែរ។ មន្ត្រីរាជការនិងសមត្ថកិច្ចតូចតាចក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថាបើគ្មាន ការបើកដៃពីលោក ម៉ែន លី ស្នងការនគរបានខេត្តឧត្តរមានជ័យ ទេនោះគឺកុងត្រូលជជុះមិន អាចកើតឡើងយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះឡើយ។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការបង្កើតកុងត្រូលជជុះនៅក្រោមរូបភាពប៉ុស្តិ៍ត្រួតពិនិត្យនោះមិន មែនដើម្បីការពារសន្តិសុខដូចអ្វីដែលលោក ផេង ដារ៉ា បានលើកឡើងក្រោយពេលដែលរឿង អាស្រូវត្រូវបានបើកកកាយនោះទេ។ ប្រភពខ្លះបានឲ្យដឹងថាការដែលលោកស្នងការរង ផេង ដារ៉ា ហ៊ានបង្កើតកុងត្រូលជជុះយ៉ាងពេញបន្ទុកនៅក្នុងក្រុងសំរោងនិងនៅស្រុកអន្លង់វែង ដូចសព្វថ្ងៃនេះគឺអាចមានការបើកដៃពីលោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិគួរពិនិត្យមើលបញ្ហាកុង ត្រូវជជុះដែលកំពុងកើតឡើងយ៉ាងរាលដាលនៅក្នុងខេត្តឧត្តរមានជ័យនោះផង ៕

IMG_1442 IMG_13931-1024x576