រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញនិងប្រជាពលរដ្ឋ សំខាន់អាជីវករចិញ្ចឹមជ្រូកក្នុងស្រុកបានលើកឡើងថា ក្រុមហ៊ុនរបស់ថៅកែទាំង២ខាងលើ ធ្លាប់បាននាំចូលជ្រូកលើសពីច្បាប់អនុញ្ញាត្តិ រួមទាំងនាំជ្រូកមានជំងឺចូលមកក្នុងប្រទេស ដោយគ្មានការត្រួតពិនិត្យយូរឆ្នាំមកហើយ ហើយពុំដែលមានសមត្ថកិច្ចណាបង្ក្រាបនោះទេ ។ ករណីនោះត្រូវបានគេដឹងថា ដោយសារតែថៅកែទាំង២រូបនេះ មានអំណាច មានខ្សែរយះ ឬអាចនិយាយថា ត្រូវរូវជាប្រព័ន្ធ ហើយបានឃុបឃិតគ្នានាំចូលជ្រូកខុសច្បាប់យ៉ាងអាណាធិបតេយ្យ ហើយល្បីពេញប្រទេសថែមទៀត ។
សាធារណមតិបានលើកឡើងថា ការចេញមុខមកបកស្រាយរបស់ថៅកែទាំង២រូបនេះ គឺក្នុងពេលដែលមន្ត្រីជំនាញនិងអាជីវករផ្ទុះកំហឹង ហើយបានចុះបង្ក្រាបការនាំចូលជ្រូកខុសច្បាប់ដោយផ្ទាល់ ហើយបានរកឃើញជ្រូកខុសច្បាប់ ជ្រូកមានជំងឺជាក់ស្តែង ហើយត្រូវបានគេនាំចូលយ៉ាងគគ្រឹគគគ្រេងប៉ុណ្ណោះ ។ ដូច្នេះប្រសិនបើមន្ត្រីជំនាញ រួមទាំងអាជីវករបន្តនៅសង្ងំស្ងៀមមិនចេញមុខតវ៉ា នោះថៅកែក្រុមហ៊ុនទាំង២នេះ នៅតែបន្តធ្វើសកម្មភាព ដោយអត់អៀនខ្មាស់ដដែល ព្រោះមុខរបរនេះបានប្រមូលលុយយ៉ាងច្រើន សម្រាប់ពួកគាត់ រស់យ៉ាងត្រជាក់ចិត្តរាប់ទសវត្សមកហើយ ។
ទោះបីជាមានការបកស្រាយបំភ្លឺពីថៅកែក្រុមហ៊ុនធំៗ ចំនួន២ ដែលនាំចូលជ្រូកពីប្រទេសវៀតណាម ដែលអះអាងថា ក្រុមហ៊ុនរបស់គាត់នាំចូលជ្រូកត្រឹមត្រូវតាមច្បាប់ និងមានការបង់ពន្ធជូនរដ្ឋ ដោយគ្មានការកេងបន្លំនោះ មន្ត្រីជំនាញរួមទាំងប្រជាពលរដ្ឋនៅតែមើលឃើញថា ការបកស្រាយរបស់ថៅកែទាំង២រូបនេះ វាគ្រាន់តែជាល្បែង ថ្ពិនភ្នែក បន្លំសាធារណមតិប៉ុណ្ណោះ ព្រោះថា ក្រុមហ៊ុនទាំង២នេះធ្លាប់ធ្វើសកម្មភាពបែបមិនប្រក្រតីក្នុងការនាំចូលជ្រូកពីប្រទេសវៀតណាមរាប់ឆ្នាំមកហើយ ។
គួរម្លឹកថា លោកឧកញ៉ា ប៊ុត ចាន់ធូ ប្រធានក្រុមហ៊ុនចាន់ធូមានជ័យ អាហរ័ណ នីហរ័ណ បានថ្លែងនៅក្នុងសន្និសីទកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ថា ក្រុមហ៊ុនរបស់ពួកលោក មិនបាននាំចូលជ្រូកមានជំងឺពីប្រទេសជិតខាង មកលក់ឱ្យពលរដ្ឋហូបដូចការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។ លោកអះអាងថា ក្រុមហ៊ុន មានអាជ្ញាប័ណ្ណចេញពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រឹមត្រូវដោយអនុញ្ញាតឱ្យនាំចូលក្នុងមួយថ្ងៃចំនួន ៤០០ក្បាល និងមានការបង់ពន្ធជូនរដ្ឋគ្រប់ចំនួនតាមកំណត់ច្បាប់ ថែមទាំងមានការត្រួតពិនិត្យសុខភាពជ្រូកនៅនឹងកសិដ្ឋាន ពីមន្ត្រីបសុពេទ្យរបស់ប្រទេស ដែលលោកទិញជ្រូក និងមានមន្ត្រីបសុពេទ្យកម្ពុជា ប្រចាំច្រកទ្វារព្រំដែនត្រួតពិនិត្យម្តងទៀត ទើបមានការអនុញ្ញាតឱ្យនាំជ្រូកទាំងអស់នោះ តាមចំនួនដែលក្រសួងបានកំណត់ មកលក់នៅទីផ្សារ នៃប្រទេសកម្ពុជាបាន។
ដោយឡែកលោកឧកញ៉ា ជឹម សុខ ប្រធានក្រុមហ៊ុនអង្គរសុខរិទ្ធមានជ័យ បានបញ្ជាក់ថា ក្រុមហ៊ុនលោកបានទទួលសិទ្ធិនាំជ្រូកពីបរទេសមកលក់ក្នុងទីផ្សារកម្ពុជា ក្នុងមួយថ្ងៃ ៤០០ក្បាល ចំពោះការចោទថា ក្រុមហ៊ុនលោក ដឹកជ្រូកលើសចំនួនកំណត់របស់ក្រសួង តាមរយៈការប្តូររថយន្តនោះមិនពិតទេ គឺរថយន្តលោកដែលពាក់ស្លាកលេខ ក្រចេះ3A-0205 ដែលក្រសួងអនុញ្ញាតឱ្យដឹកនោះខូចទើបក្រុមហ៊ុនលោកបានយករថយន្ត ស្លាកលេខ តាកែវៈ3A-2275 ដឹកជំនួស ដោយមានការយល់ព្រមពីមន្ត្រីបសុពេទ្យរបស់ប្រទេសកម្ពុជាត្រឹមត្រូវ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៧ កម្លាំងអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមាគមអ្នកចិញ្ចឹមសត្វ និងពេទ្យសត្វខេត្តកណ្តាល បាន ឃាត់រថយន្តដឹកជ្រូកពីប្រទេសវៀតណាមចំនួន ៣គ្រឿង តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល និងរថយន្តចំនួន ១គ្រឿងទៀតនៅផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ដោយរថយន្តដឹកសត្វជ្រូកក្រហម និងជ្រូកត្រចៀកខៀវ ចូលមកលក់នៅប្រទេសកម្ពុជា , ប៉ុន្តែក្រោយមកដោយរកឃើញថា ជ្រូកទាំងអស់នោះមានច្បាប់ត្រឹមត្រូវទើបមានការអនុញ្ញាតឱ្យបញ្ជូនទៅកានទីផ្សារ ៕
Recent Comments