សមត្ថកិច្ចក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹង ថា ច្រករបៀង ជាច្រើនកន្លែង ដែលគ្រប់គ្រងដោយ អង្គភាពនគរ បាល វរការ ពារព្រំដែន គោកលេខ ៨៩១ និង លេខ៩១១ កំពុងកើតមានបទល្មើស ផ្សេងៗយ៉ាងពេញ បន្ទុកហើយលោក ហាំ វណ្ណៈ និងលោក សូ ចាន់ណារី កំពុងតែ សប្បាយប្រមូល លុយដាក់ហោប៉ៅ យ៉ាងសុខស្រួល ។ ប្រភពបានឲ្យដឹងទៀត ថា មន្ត្រីនគរបាល ប្រចាំច្រករបៀង គឺជាអ្នកបើកដៃឲ្យពលករ ខ្មែរឆ្លង ដែនខុសច្បាប់ទាំងយប់ទាំងថ្ងៃ ហើយទន្ទឹមនឹងនេះក៏មាន ករណីនាំចូលទំនិញ គេចពន្ធ និងទំនិញ ខុសច្បាប់យ៉ាង គគ្រឹកគ្រេងរហូតមាន នាំចូលរថយន្តគេចពន្ធទៀត ផងព្រោះលោក ហាំ វណ្ណៈ និងលោក សូ ចាន់ណារី បណ្តោយ ឲ្យកូនចៅ ក្រោមឱវាទ ធ្វើអ្វីៗតាមចិត្ត។ ក្រុមឈ្មួញដែលនាំចូលទំនិញ គេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងយ៉ាងរលូនត្រូវបានគេដឹងថាសុទ្ធតែជាបក្ខពួកលោក ហាំ វណ្ណៈ និងលោក សូ ចាន់ណារី ទើបពួកគេអាចគេចផុតពីការបង្ក្រាបរហូត ។
ករណីលោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨៩១ និងលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ ឃុបឃិតឲ្យមានពលកខ្មែរ ឆ្លងដែនខុសច្បាប់ចូលទឹកដីសៀម និងបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ ចូលទឹកដីខ្មែរ ត្រូវគេដឹងថាមានជាប់ពាក់ព័ន្ធជាមួយលោក អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យផងដែរ។ ដោយហេតុថាបើគ្មានការបើកភ្លើងខៀវពីលោក អាត់ ខែម ទេនោះ គឺលោក ហាំ វណ្ណៈ និងលោក សូ ចាន់ណារី មិនហ៊ានធ្វីអ្វីៗតាមអំពើចិត្តឡើយព្រោះខ្លាច លោក អាត់ ខែម ចាត់វិធានការតាមច្បាប់។ ដូច្នេះករណីបទល្មើសឆ្លងដែនដែលកំពុងតែកើត ឡើងតាមច្រករៀងក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងនៅស្រុកថ្មពួកជាដើម គឺទាល់តែមានការបើកភ្លើងខៀវពីលោក អាត់ ខែម ទើបអ្វីៗអាចដំណើរការយ៉ាងរលូន។
ឥឡូវនេះមានការអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលទង្វើ មិនប្រក្រតីរបស់មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨៩១និងលេខ៩១១ នៅខេត្តបន្ទាយមានជ័យ ជាបន្ទាន់។ ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរតាមតំបន់ព្រំដែនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លាតត្រដាងរឿងអាស្រូវរបស់លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨៩១ និងលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ ជាបន្តបន្ទាប់។ ដោយហេតុថា មន្ត្រីនគរបាលទាំង២ នាក់នេះបានបើកដៃឲ្យ កូនចៅ ក្រោមឱវាទ ដែល ឈរ ជើងតាមច្រករបៀងនានាបើកច្រករបៀងឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមយ៉ាងពេញបន្ទុក ហើយត្រូវ សមត្ថកិច្ចសៀមចាប់បញ្ជូនពលករខ្មែររាប់រយនាក់មកស្រុកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ មានការរិះគន់ថាលោក ហាំ វណ្ណៈ និងលោក សូ ចាន់ ណារី គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយពលករដែលឆ្លងដែនខុសច្បាប់តាមច្រករបៀងកំពុងក្លាយជាជនរងគ្រោះដោយសារតែសមត្ថកិច្ចប្រព្រឹត្តអំពើពុករលួយ។
ប្រភពពីមន្ត្រីនគរបាល នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រាល់បញ្ហា កំពុងកើតឡើង តាមតំបន់ព្រំដែន ដែលគ្រប់គ្រង ដោយ អង្គភាពនគរបាលវរការ ពារព្រំដែនលេខ៨៩១និងលេខ ៩១១ ត្រូវបានលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យបានដឹងយ៉ាងច្បាស់ ។ ក៏ប៉ុន្តែប្រហែលលោក អាត់ ខែម មានជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍ទើបបណ្តោយឲ្យលោក ហាំ វណ្ណៈ និងលោក សូ ចាន់ណារី ព្រមទាំងមន្ត្រីនគរបាលក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តគឺទុកឲ្យបទល្មើសឆ្លងដែនបន្តរាលដាលកាន់តែ ខ្លាំង។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតឡើយ ហើយគួរតែមានវិធានការទៅលើមន្ត្រីពុករលួយដែលគិតតែប្រើតួនាទីនិងអំណាចដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន៕
Recent Comments