ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ បានបង្ហើបថា រថយន្តទួរីសមានទាំងស៊េរីចាស់ និងថ្មីត្រូវបានក្រុមឈ្មួញនាំគ្នាដឹកឈើចេញពីខេត្តក្រចេះចូលមកស្រុកមេមត់ បន្តកន្ទុយគ្នាទាំងព្រឹកល្ងាច ដែលគេបានចុះទៅទិញនៅកន្លែងដឹកអស់តែជាង១០ម៉ឺនរៀលទេ លុះពេលដែលបានដឹកយកទៅលក់នៅស្រុកយួន តាមច្រកបឹងជ្រោង ឃុំជាំ គឺលក់បានក្នុងតម្លៃជិត៤០ម៉ឺនរៀលផងដែរ ។
រថយន្តដឹកឈើត្រូវគេដឹងថា បានឆ្លងបារ៉ាស់ច្រកបឹងជ្រោង ដោយទម្លាក់ចុះនៅត្រង់តំបន់ស ព្រំដែនខណ្ឌសីមា កម្ពុជា-យួន ហើយមានថៅកែជនជាតិយួនចំនួន២នាក់ ចាំមកទទួលទិញដើម្បីដឹកចូលទៅប្រទេសយួនដោយយកកែច្នៃធ្វើជាក្តារបន្ទះ ។ ពលរដ្ឋនៅស្រុកមេមត់ បញ្ជាក់ថាសម្រាប់បរិមាណរថយន្តដែលបានដឹកឈើចូលទៅប្រទេសយួនក្នុង១ថ្ងៃៗយ៉ាងហោចណាស់ក្នុងចន្លោះពី៥០ទៅ៦០គ្រឿង ។
លោក ធាម ដែន ហៅតក់ ប្រធាននគរបាលប៉ុស្តិ៍ច្រកបឹងជ្រោង រងការរិះគន់ពីប្រជាពលរដ្ឋខេត្តត្បូងឃ្មុំថា បានបើកដៃឲ្យឈ្មួញនាំឈើទៅលក់នៅស្រុកយួន ដោយឈើទាំងនោះអាចដឹកចេញបានយ៉ាង រលូន។ ប្រភពដដែលបានបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅប្រទេសយួនតាមមាត់ច្រកខាងលើនេះមានសកម្មភាពកាន់តែខ្លាំងឡើងៗ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានរិះគន់ថា សកម្មភាពរថយន្តដឹកឈើចេញពីស្រុកស្នួល ខេត្តក្រចេះ កាត់តាមផ្លូវជាតិលេខ៧ ចូលតាមផ្លូវក្រាលក្រួសក្រហមក្នុង១ថ្ងៃៗមានរាប់សិបគ្រឿងចេញតាមច្រកបឹងជ្រោង ភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ចូលទៅស្រុកយួន គួរតែមានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ៕
Recent Comments