មន្ត្រីរដ្ឋបាលព្រៃ ឈើតូចតាច និងសមត្ថកិច្ចពាក់ ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មួញឈ្មោះ ធឹង លាងស្រេង នៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើពីខេត្ត ព្រះវិហារ ឆ្លងកាត់ស្រុកអន្លង់វែង ចូលមកចែកចាយតាមដេប៉ូ ក្នុងក្រុងសៀមរាប យ៉ាងរលូននិយាយ បានថានិយាយគ្នាត្រូវអស់ ហើយជាថ្នូរនឹងការមិនបង្រ្កាប ។ រថយន្តដឹកជញ្ជូនឈើ របស់ឈ្មួញឈ្មោះ ធឹង លាងស្រេង បានបើកឆ្លងកាត់ស្នាក់ការរដ្ឋបាល ព្រៃឈើជាច្រើនកន្លែង ក្នុងខេត្តព្រះវិហារ ស្រុកអន្លង់វែង និងខេត្ត សៀមរាប ហើយមិនឃើញ មានមន្ត្រីរដ្ឋបាល ព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបឡើយ ។ លោក ម៉ុង បុនលីម នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តសៀមរាប កំពុងប្រឈមនឹងការសង្ស័យថា ជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ ធឹង លាងស្រេង បន្តដឹកជញ្ជូនឈើខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់?។
ប្រភពដែលស្និទ្ធជាមួយឈ្មួញឈ្មោះ ធឹង លាងស្រេង បានឲ្យដឹងថា ការដែលឈ្មួញម្នាក់នេះអាចធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើធំៗក្នុងខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដោយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ ហេតុនេះហើយជួនកាលឈ្មួញឈ្មោះ ធឹង លាងស្រេង ប្រើច្បាប់អនុញ្ញាតមួយសន្លឹកដឹកជញ្ជូនឈើដល់ទៅជាង១០ជើងក៏គ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាប៉ះពាល់ឡើយ។ មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ ធឹង លាងស្រេង អួតក្អេងក្អាងប្រាប់គេឯងថា ការដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការដ្ឋបាលព្រៃឈើច្រើនកន្លែង ហើយមិនប្រឈមនឹងការបង្ក្រាបនោះ គឺដោយសារខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវនិងមានបង់ពន្ធជូនរដ្ឋរួចរាល់ទៀតផង។
ទោះជាយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា លោក នាយម៉ុង បុនលីមខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គឺជាខ្នងបង្អែកដ៏រឹងមាំរបស់ឈ្មួញឈ្មោះ ធឹង លាងស្រេង ទើបឈ្មួញម្នាក់នេះហ៊ានអួតអាងថា ឈើរបស់ខ្លួនជាឈើមានច្បាប់ត្រឹមត្រូវ។ មិនតែប៉ុណ្ណោះដេប៉ូទិញឈើទាំងឡាយណាដែលទទួលទិញឈើពីឈ្មួញឈ្មោះ ធឹង លាងស្រេង មិនប្រឈមនឹងការបង្ក្រាបពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនោះទេ ព្រោះពួកគេឃុបឃិតជាប្រព័ន្ធរួចទៅហើយ។ ជាក់ស្ដែងក្នុងច្បាប់អនុញ្ញាត១សន្លឹកឈ្មួញឈ្មោះ ធឹង លាងស្រេង អាចដឹកជញ្ជូនឈើដល់ទៅជាង១០ជើង ហើយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ ព្រោះគេដឹងថាលោក ម៉ុង បុនលីមជាខ្នងបង្អែករបស់ឈ្មួញម្នាក់នេះ ។ ចំណែកមន្ត្រីអាជ្ញាធរខេត្តសៀមរាប ជាពិសេសលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត អាចពាក់ព័ន្ធនឹងផលប្រយោជន៍ពីឈ្មួញឈ្មោះ ធឹង លាងស្រេង ទើបបណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត?៕
Recent Comments