ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាក្ដៅៗ ឲ្យបង្កើតគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ រួចមក មានមជ្ឈដ្ឋានជាច្រើន បាននិយាថា ក្នុងរយៈកាល ជាច្រើនឆ្នាំមកនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៍ដូចជា អគ្គស្នងការដ្ឋាន នគរបាលជាតិ តែងបានចាត់តាំង មន្ត្រីៗនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច មិនតិចនាក់ទេ ឲ្យទៅឈរជើងប្រចាំការ នៅតាមគ្រប់បណ្ដាខេត្ត ដើម្បីចាំជួយសហការ បង្ក្រាបទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច ឲ្យមានប្រសិទ្ធភាព ។ តែផ្ទុយទៅវិញ ប្រជាពលរដ្ឋភាគច្រើន មើលឃើញច្បាស់ថា ខេត្តណាដែលមាន ប៉ូលិសសេដ្ឋកិច្ច ទៅឈរជើងច្រើន… ក៍មានបទល្មើសព្រៃឈើ កើតឡើងច្រើនដែរ តួយ៉ាងដូចជា ខេត្តកំពង់ធំ, ត្បូងឃ្មុំ, ក្រចេះ, រតនគិរី និងខេត្តមណ្ឌលគិរី ជាដើម… ដែលខេត្តទាំង ៥នេះ គ្រប់គ្រងទទួលខុសត្រូវ ក្នុងការបង្ក្រាបទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច ដោយលោក អ៊ុំ វណ្ណា និងកូនចៅជា មន្ត្រីៗប៉ូលិសសេដ្ឋកិច្ច រាប់សិបនាក់ទៀត ។មានមន្ត្រីប៉ូលីស និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នានិយាយរិះគន់ ជាច្រើនឆ្នាំមកហើយ ទៅលើថ្នាក់ដឹកនាំ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដែលតែងតែបានចាត់តាំង ប្រគល់អំណាចឲ្យមន្ត្រីៗ ប៉ូលិសសេដ្ឋកិច្ច មួយក្ដាប់តូចរបស់ខ្លួន មានសិទ្ធិទៅគ្រប់គ្រងត្រួតត្រា លើការបង្ក្រាបទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច រហូតដល់ទៅពីរ ឬបី ឬបួន ឬប្រាំខេត្ត ផ្ដាច់មុខតែម្នាក់ឯង ដូចជាករណីលោក អ៊ុំ វណ្ណា ជាដើម ប្រៀបដូចជានាយកដ្ឋាន ប៉ូលិសសេដ្ឋកិច្ចនេះ ខ្វះខាតធនធានមនុស្ស ខ្លាំងណាស់អញ្ចឹង…។
ការប្រគល់អំណាចឲ្យលោក អ៊ុំ វណ្ណា ក្ដោបក្ដាប់ការងារផ្ដាច់មុខ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ៥ខេត្ត តែម្នាក់ឯងបែបនេះ បាននិងកំពុងធ្វើឲ្យ អ្នកដែលបានដឹងរឿងនោះ នាំគ្នានិយាយរិះគន់យ៉ាងធ្ងន់ៗថា មិនគួរថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដែលមានសម្ដេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការ នគរបាលជាតិ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ជាប្រធានថ្មី នៃនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ឲ្យតម្លៃខ្លាំងលើលោក អ៊ុំ វណ្ណា តែម្នាក់ ហាក់បីដូចជាបំភ្លេចចោល ឬមិនឲ្យតម្លៃចំពោះ មន្ត្រីៗប៉ូលិសសេដ្ឋកិច្ច ជាច្រើននាក់ផ្សេងទៀត ដែលនៅគរជើងលើគ្នា និងមានអ្នកខ្លះ គ្មានការងារអ្វីធ្វើ ឬអង្គុយអានកាសែតនៅកន្លែង រាល់
ថ្ងៃនោះទេ ។កន្លងមក មានការរិះគន់ថា កាលលោក អ៊ុំ វណ្ណា គ្រប់គ្រងការងារ ៣-៤ រាជធានី/ខេត្ត តែម្នាក់ឯងនោះ បានធ្វើឲ្យកើតមាន បទល្មើសសេដ្ឋកិច្ច មិនតិចទេនៅខេត្តទាំងនោះ ជាពិសេស បទល្មើសព្រៃឈើតែម្ដង… ព្រោះមានមន្ត្រីៗ ប៉ូលីសសេដ្ឋកិច្ច ក្រោមការដឹកនាំ គ្រប់គ្រងដោយលោក អ៊ុំ វណ្ណា តែងតែបានយក តួនាទីរបស់ខ្លួន ទៅប្រព្រឹត្តអំពើពុករលួយ ជាមួយពួកឈ្មួញ ប្រព្រិត្តបទល្មើស ច្រើនជាងការទៅ បង្ក្រាបទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច ។ទង្វើអសកម្មបែបនេះ ក៍បានធ្វើឲ្យលោក អ៊ុំ វណ្ណា ក្លាយទៅជាអ្នកមាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលត្រឹមឧកញ៉ាល្មមៗ មិនមានទ្រព្យសម្បត្តិស្មើ ឬប្រហាក់ប្រហែលលោក អ៊ុំ វណ្ណា ដ៍អស្ចារ្យនោះទេ ។ ចុះទម្រាំពេលនេះ មេៗថ្នាក់លើឲ្យ អ៊ុំ វណ្ណា គ្រប់គ្រងការងារ ប៉ូលិសសេដ្ឋកិច្ច ៥ ខេត្តម្នាក់ឯងទៀតនោះ… មិនដឹងជានឹងធ្វើឲ្យ ខេត្តទាំងនោះ កើតមានបទល្មើសសេដ្ឋកិច្ច ជាពិសេស បទល្មើសព្រៃឈើ យ៉ាងណានោះទេ… ៕
Recent Comments