កំពង់ឆ្នាំង៖ សង្វៀនបញ្ជល់បក្សីមួយកន្លែងក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកំពុងសំងំលេងយ៉ាងកក្រើក ដោយសង្វៀនខាងលើក៏មានបង្កប់ល្បែងស៊ីសង មានបៀរ អាប៉ោង ចាក់ភ្នាល់ស៊ីសងធំៗផងដែរ។បើតាមសេចក្តីរាយការណ៍អាចទុកចិត្តទាំងស្រុងបានទំលាយថា សង្វៀនជល់មាន់ខាងលើ គ្រប់គ្រងដោយលោក សូ ឆង ជាមន្ត្រីយោធាជាន់ខ្ពស់មានឋានន្តរសក្តិជាវរសេនីយ៍ទោ (សក្តិ៤កន្លះ) ផ្នែកគីមីសាស្ត្រ ។ប្រភពដដែលបានបញ្ជាក់ថា សង្វៀនកីឡាបក្សីនេះ បើតាមគេដឹង គឺបើកដំណើរការជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលឃើញក្រុមសមត្ថកិច្ចណាម្នាក់ទៅរំខានឡើយ ហើយការបើកភ្នាល់ជល់មួយគូរសុទ្ធតែរាប់លានរៀល ដោយម្ចាស់សង្វៀន ឈ្មោះ សូ ឆង នេះបានបង្កើតទីតាំងចំនួន3កន្លែងសំរាប់ចល័ត ដែលកន្លែងនិមួយៗសុទ្ធតែមានបង្កប់ដោយវង់បៀរនិងអាប៉ោងយ៉ាងគគ្រឹកគគ្រេង ។
សេចក្តីរាយការណ៍បានបង្ហើបទៀតថា សព្វថ្ងៃលោកសូ ឆង កំពុងរកស៊ីកាក់កបណាស់ ព្រោះសូម្បីតែក្រុមអ្នកលក់ដូរក្នុងសង្វៀនមាន់ក៏ត្រូវបង់លុយប្រចាំខែដល់ម្ចាស់សង្វៀនម្នាក់រាប់រយដុល្លា ចំណែកអាប៉ោងមួយវង់ក៏បង់ប្រាក់ក្នុង១ថ្ងៃ300ដុល្លាដែរ ។ ដូច្នេះគេសង្កេតឃើញថា សង្វៀនជល់មាន់របស់លោក សូ ឆង រកប្រាក់ចំណូលក្នុង១ខែៗ ប្រហែលខ្ទង់ម៉ឺនដុល្លាឯណោះ បើប្រៀបធៀបទៅគឺមិនចាញ់ថៅកែកាស៊ីណូប៉ុន្មានឡើយ ។
ចំពោះការបើកសង្វៀនមាន់បង្កប់ដោយល្បែងស៊ីសងស្ទើគ្រប់ប្រភេទដោយគ្មានការរំខានពីសំណាក់សមត្ថកិច្ចបែបនេះ មជ្ឈដ្ឋានជាច្រើនក៏បានរិះគន់ថា ម្ចាស់សង្វៀនពិតជាបង់លុយប្រចាំខែជូនដល់ថ្នាក់លើ ដោយគេសំអាងថា បើខ្មោចស្រុកមិនបើកដៃមិនដែលខ្មោចព្រៃហ៊ានដល់ថ្នាក់នេះទេ!។
ទាក់ទិននឹងការបើកសង្វៀនជល់មាន់បង្កប់ល្បែង បៀរ អាប៉ោង ខាងលើលោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់អ្នកយកព័ត៌មានថា ភូមិសាស្ត្ររបស់លោកពុំដែលលេចឮថាមានបទល្មើសបញ្ជល់កីឡាបក្សីឬប្រភេទល្បែងសីសងផ្សេងៗឡើយ ក្រែងអាចមានក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាលក៏មិនដឹង ។ ដោយឡែក អធិការនគរបាលស្រុកពញាឮក៏បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងតំបន់ភូមិសាស្ត្រដែលលោកគ្រប់គ្រងគីដាច់ខាចអត់មានល្បែងស៊ីសងអ្វីទាំងអស់ ប៉ុន្តែ លោកធ្លាប់ឮថាសង្វៀនជល់មាន់ពិតជាបានបង្កើតនៅក្នុងទឹកដី ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯណោះវិញទេ បើចង់ដឹងច្បាស់សាកសួរសមត្ថកិច្ចក្នុងតំបន់នោះទៅ ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឡុច វណ្ណារ៉ា កន្លងមកលោកធ្លាប់បញ្ជាក់ថា លោកនឹងបង្ក្រាបឱ្យអស់រាល់សកម្មភាព ដែលទាក់ទងនឹងបទល្មើសទាំងឡាយ ប៉ុន្តែចំពោះករណីថា មានគេលួចបង្កើត សង្វៀនជល់មាន់ឬល្បែងសីុសងក្នុងតំបន់ដែលលោកកាន់កាប់មែននោះ លោកនឹងចាត់ឱ្យកូនចៅចេញទៅបង្ក្រាបតែម្តង។
ទោះជាបែបណាមហាជនបាននាំគ្នារិះគន់ចំៗមកលើក្រុមសមត្ថកិច្ចដែលគ្រប់គ្រងក្នុងតំបន់ខាងលើ ដោយពួកគេលើកហេតុផលថា ការបើកបនល្បែងដ៏កក្រើកយូរឆ្នាំមកហើយ បែរជាសមត្ថកិច្ចថាមិនដឹង ហើយបែរជាឆ្លើយយករួចខ្លួនដោយសំអាងលើភូមិសាស្ត្របើកល្បែងជាចំណុចព្រំប្រទល់បីខេត្ត បីកំពង់ឆ្នាំង កណ្តាលនិងកំពង់ស្ពឺ ទើបបានជាសមត្ថកិច្ចមិនសូវខ្វល់ខ្វាយបែបនេះ ៕
Recent Comments