មេបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃស្នើអោយព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រីថ្មី

មេដឹកនាំ​គណបក្ស​ភឿ​ថៃ លោក​ចា​រូព​ង់ រឿង​ស៊ូ​វ៉ាន បាន​អះអាង​ថា សំណើ​របស់​មេដឹកនាំ​ការប្រឆាំង​តវ៉ា លោក​ស៊ូ​ថេប ធឿក​ស៊ូបាន សំរាប់​នាយករដ្ឋមន្ត្រី​ម្នាក់​ដែល​តែងតាំង​ដោយ​ស្តេច មិន​អាច​ធ្វើ​ទៅ​បាន​ទេ ។​លោក​ចា​រូព​ង់ ដែល​ក៏​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​និយាយ​ថា​វគ្គ​ទី​៧​នៃ​រដ្ឋធម្មនុញ្ញ​មិនអាច​យកមក​ប្រើ តាម​សំណើ​របស់​ប្រធាន​គណៈ​កម្មា​ធិ​ការ​កំណែទំរង់​ប្រជាធិបតេយ្យ​របស់​ប្រជាជន​(PDRC)​លោក​ស៊ូ​ថេប ពីព្រោះ​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​នៅ​កាន់​​មុខតំណែង និង​ក៏​មិនបាន​ធ្វើ​អ្វី​ខុស​។​លោក​បាន​បញ្ជាក់ថា ដូច​រដ្ឋធម្មនុញ្ញ​បានចែង រដ្ឋាភិបាល​គ្រាន់តែ​អាចរំលាយ​សភា​និង​កោះ​ធ្វើ​ការបោះឆ្នោត​មុន​កាលកំណត់​មួយ​។​ ​ប្រធាន​បក្ស​កាន់​អំណាច​រូបនេះ​បាន​បន្តថា ការតស៊ូ​នយោបាយ​ត្រូវតែ​ដោះស្រាយ​តាមរយៈ​គោលនយោបាយ ស្នាដៃ​អនុវត្តន៍​ការងារ គោលការណ៍​និង​ហេតុផល​។​”​អ្នក​ចាញ់​ឆ្នោត​មិន​អាច​មិន​ទទួលស្គាល់​លទ្ធផល​។​សភា​គួរ​ត្រូវបាន​ប្រើ​ជា​វេទិកា​សំរាប់​កិច្ចពិភាក្សា​។​​ការខ្វែងគំនិត​គ្នា​ត្រូវ​ដោះស្រាយ​តាម​សន្លឹកឆ្នោត​។​ខ្ញុំ​ចង់អោយ​ក្រុម​ប្រឆាំង​និង​លោក​ស៊ូ​ថេប​ចូលមក​ពិភាក្សា​តែ​ពួក​គេ​គួរ​ស្តាប់​សម្លេង​​ភាគច្រើន បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ការឈ្លោះប្រកែក​គ្នា​”​។​

“​ពួក​គេ​គួរ​មាន​ស្មារតី​ល្អ​ដើម្បី​ទទួល​មតិ​ផ្សេង​គ្នា​របស់​តំណាង​ប្រជាជន​។​យើង​ត្រូវ​ស្តាប់​ប្រជាជន​។​មតិ​ខុសគ្នា​ត្រូវ​សំរេច​ដោយ​សម្លេងឆ្នោត​។​សម្លេង​ភាគតិច​ត្រូវ​ទទួលយក​ការពិត​នេះ​”​។​

ចំណែក​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស លោក​ស៊ូ​រ៉ា​ពង់ តូ​វិចា​ឆៃ​គុល បាន​និយាយថា​ការទាមទារ​របស់​ស៊ូ​ថេប​អោយ​​មាន​នាយករដ្ឋមន្ត្រី​តែងតាំង​ដោយ​ស្តេច វា​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​។​”​សំណើ​របស់​ស៊ូ​ថេប​ជាការ​ស្រមៃ​មួយ​។​គាត់​ឈឺ​និង​គួរ​​ទៅ​រក​គ្រូពេទ្យ​។​គាត់​អាច​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំង​ពេក​ពី​បណ្តឹង​និង​ដីកាចាប់ខ្លួន ជាហេតុ​នាំ​អោយ​គាត់​គិតគូរ​មិនធម្មតា​”​។​

តែ ស៊ូរិ​យ៉ា កាតា​សិឡា អតីត​មេដឹកនាំ​ក្រុម​អាវ​លឿង​ម្នាក់ បាន​និយាយថា លោក​ជឿថា សំណើ​របស់​ស៊ូ​ថេប​អាច​កាត់បន្ថយ​ការ​​ប្រឈម​អំពី​ការផ្ទុះ​សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​និង​បាន​ព្រមាន​លោក​ស្រី​យី​ង​ឡាក់​កុំអោយ​អូសបន្លាយ​”​ល្បែង​នយោបាយ​”​បច្ចុប្បន្ន ៕

ab170