ការដកហូតមុខតំណែង របស់លោក ង៉ាន ណានី អាចនឹងកើតមានក្នុងថ្ងៃណាមួយឲ្យស្របទៅតាមការកែទម្រង់របស់រាជរដ្ឋាភិបាល ហើយវាគ្មានសំណាងល្អប៉ុន្មានទេ ប្រសិនបើលោក ង៉ាន ណានី សម្តែងប្ញកក្រអឺតក្រទមដាក់មន្ត្រីថ្នាក់ក្រោមដែលហ៊ានបើកកកាយរឿងអាស្រូវពុករលួយរបស់គាត់ដោយចាត់ទុកថាមន្ត្រីទាំងនោះជាក្រុមប្រឆាំង។
ក្នុងលិខិតដាច់ដោយឡែក ពីគ្នាជាច្រើនច្បាប់ គេរកឃើញលិខិតដាច់ដោយឡែកមួយ ដែលក្រុមមន្ត្រីចំនួន ៤៧នាក់ បានរៀបរាប់យ៉ាងលម្អិតដាក់ជូនលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន មានបញ្ជាក់អំពីករណីលក់ចេញស្រូវពូជអន់គុណភាព ក៏ដូចជាការទិញស្រូវពូជថ្មីបញ្ចូលឃ្លាំងវិញ ដែលមិនបានផលិតឲ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីត្រៀមបម្រុងជួយដល់ប្រជាកសិករ ពេលជួបគ្រោះធម្មជាតិ ធ្វើឡើងដោយគ្មានតម្លាភាព អ្វីៗសុទ្ធសឹងតែធ្វើតាមសេណារិយោ ដែលរៀបចំដោយលោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្ម មានការឃុបឃិតជាមួយលោក សំ សុផល ជាប្រធានការិយាល័យកសិឧស្សាហកម្ម។
ការចាយវាយប្រាក់គម្រោងសម្រាប់ការទិញស្រូវពូជនិងលក់ស្រូវពូជ ដោយមិនតម្លាភាពនេះ ធ្វើឡើងដោយមានការឃុបឃិតត្រូវរ៉ូវគ្នា រវាងក្រុមឈ្មួញ និងលោក ង៉ាន ណានី ហើយគេរៀបចំឯកសារមួយចំនួនឲ្យត្រឹមត្រូវតាមនីតិវិធីហិរញ្ញវត្ថុតែប៉ុណ្ណោះ ព្រោះលោក ង៉ាន ណានី បានកាន់លុយសម្រាប់ការទិញលក់ស្រូវពូជនេះ ដោយខ្លួនឯង ចាត់ចែងការងារដោយគ្មានតម្លាភាព គ្មានការឯកភាពពីសមាជិក។
អង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីមន្ត្រីតូចតាច ក៏បានចាត់វិធានការចុះទៅស៊ើបអង្កេតស្រាវជ្រាវផងដែរ ប៉ុន្តែមកដល់ម៉ោងនេះ ស្ងាត់សូន្យឈឹងមិនទាន់ទម្លាយរបាយការណ៍ស៊ើបអង្កេតនៅឡើយទេ ដូច្នេះហើយបានជាមន្ត្រីតូចតាច នាំគ្នាដាក់របាយការណ៍ជម្រាបជូនលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ឲ្យជួយពិនិត្យនិងដោះស្រាយបាតុភាពមិនប្រក្រតីទាំងនេះឡើងវិញ។ គេតែងតែរំពឹងទុកថា លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នឹងមិនមើលរំលងពីភាពអសកម្មដែលកំពុងតែនាំឲ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ក្រោមការដឹកនាំរបស់លោក ង៉ាន ណានី ដែលអសកម្មពុករលួយហើយទាំងការងារក្នុងអង្គភាព និងក្រៅអង្គភាពលោក ង៉ាន ណានី គិតតែកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ប្រជាពលរដ្ឋក្រីក្ររងគ្រោះមួយចំនួន ធ្លាប់សម្តែងការមិនពេញចិត្តចំពោះភាពអសកម្មនៃការកិបកេងប្រេងសាំង សម្រាប់បូមទឹកដាក់ស្រែសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ គឺមិនដែលធ្លាក់ដល់ដៃប្រជាកសិករទេ ព្រោះរបបប្រេងទាំងអស់ ត្រូវបានលោកង៉ាន ណានី យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមានចំនួនតិចតួចប៉ុណ្ណោះ ត្រូវបានទម្លាក់ទៅឲ្យការិយាល័យកសិកម្មតាមស្រុក ជាមធ្យោបាយធ្វើឯកសារក្លែងក្លាយទូទាត់មកមន្ទីរវិញ ឲ្យត្រូវនឹងនីតិវិធី ដើម្បីជាការបិទបាំងអំពើអាក្រក់របស់ខ្លួន៕
Recent Comments