ប្រជាពលរដ្ឋក្រុងបាវិត បានបញ្ជាក់ដែរថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺមានជនបរទេដែលប្រព្រឹត្ត ល្មើសច្បាប់អាចឆ្លងដែន បានយ៉ាងរលូនតាម ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រោះមន្ត្រីជំនាញគិតតែ ប្រមូលលុយប៉ុណ្ណោះ ហើយក៏គ្មាន សមត្ថភាព និងជំនាញគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជនបរទេស ដែលឆ្លងដែនផងដែរ ។ ប្រភពដដែលបានបញ្ជាក់ថា បើនៅខាងវៀតណាម និងខាងថៃ គឺគេធ្វើការបានល្អជាងកម្ពុជា ព្រោះមន្ត្រីគេស្អាតស្អំ និងមានសមត្ថភាព ដូចនេះក្នុងករណីមានជនបរទេសដែលប្រព្រឹត្តខុសច្បាប់លួចឆ្លងដែនគឺគេចាប់បានភ្លាម ខណៈកម្ពុជាឲ្យតែលុយទៅមន្ត្រីជំនាញនឹងឃុបឃិតឲ្យឆ្លងដែន ។
ក្រុមអ្នកបើករថយន្តក្រុងឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះ រហូតមកដល់ពេលនេះមន្ត្រីជំនាញមានទាំងគយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅច្រកទ្វារខាងលើនៅតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនៅឡើយ។ ប្រភពដែលបានបញ្ជាក់ថា សកម្មភាពប្រព្រឹត្តអំពើល្មើសច្បាប់ខាងលើនេះ បានកើតឡើងយូរមកហើយតែក៏ស្ងប់ស្ងាត់មួយរយៈក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន តែសព្វថ្ងៃនេះមន្ត្រីជំនាញចាប់ផ្តើមធ្វើសកម្មភាពល្មើសច្បាប់របស់ពួកគេទៀតហើយ។
លោក គន្ធា សីហា អនុប្រធានច្រកទ្វារព្រំដែនបាវិត និងលោក ខាត់ សារ៉ាត់ ជាប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រូវបានអ្នកបើកបររថយន្តក្រុងរិះគន់ថាជាមេខ្លោងក្នុងការគាបយកលុយពីប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលឆ្លងដែនតាមច្រកខាងលើ។ ប្រភពដដែលបានរៀបរាប់ថា ទាំងអ្នកជំងឺ ជនបរទេស និងអ្នកជំនួញ គឺមន្ត្រីជំនាញខាងលើតែងតែឃុបឃិតគ្នាគាបយកលុយតាមច្រើនរូបភាព ព្រោះពួកគេជាមន្ត្រីជំនាញ និងមានអំណាចដូចនេះពួកគេធ្វើអ្វីស្រេចតែអំពើចិត្ត ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក្រុងបាវិត និងអ្នកបើកបររថយន្តក្រុងក៏បានរិះគន់ដែរថា ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏មានករណីឃុបឃិតរវាងឈ្មួញខ្មែរ និងឈ្មួញយួនដោយសូកប៉ាន់មន្ត្រីគយខ្មែរដើម្បីនាំចូលទំនិញគេចពន្ធផងដែរ។ ដូច្នេះសូមមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ និងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ គប្បីស៊ើបអង្កេតនិងត្រួតពិនិត្យភាពមិនប្រក្រតីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតជាបន្ទាន់៕
Recent Comments