ប្រភពពីពត៏មានខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កុងត្រូលជជុះលើផ្លូវជាតិលេខ៥ចំណុចសាលាក្រហម ឃុំសុភី ស្រុកអូរជ្រៅ គឺជាកុងត្រូលជជុះដែលគាបសង្កត់ទៅលើឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើកបររថយន្តឈ្នួលដឹកជញ្ជូនទំនិញ ដោយពុំមានការយោគយល់។ ប៉ុស្ដិ៍ជជុះរបស់មន្ត្រីគយនៅចំណុចសាលាក្រហមនេះ អាចគាបយកលុយពីឈ្មួញនាំចូលទំនិញពីក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ច្រកអូរបីជាន់ និងស្រុកម៉ាឡៃផងដែរ ព្រោះរថយន្តដឹកទំនិញត្រូវឆ្លងកាត់ចំណុចនេះចៀសមិនផុតឡើយ។ ប្រភពដែលស្និទ្ធនឹងលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការបង្កើតកុងត្រូលជជុះនៅចំណុចសាលាក្រហម គឺមានការអនុញ្ញាតពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យផងដែរ ហេតុនេះហើយទើបមន្ត្រីគយប្រចាំកុងត្រូលជជុះនោះ ប្រើអំណាចជំរិតយកលុយពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី អ្នកបើកបររថយន្តឈ្នួល ។
ប្រភពពីក្រុមឈ្មួញ អាជីវករ អ្នករត់តាកស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប៉ុស្ដិ៍ជជុះរបស់មន្ត្រីគយ២កន្លែង គឺទី១-នៅចំណុចសាលាក្រហម ឃុំសុភី ស្រុកអូរជ្រៅ និងទី២-នៅចំណុចលក់នំក្រឡាន ឃុំគោកទន្លាប់ ស្រុកមង្គលបុរី គឺជាកន្លែងគាបសង្កត់យកលុយពីពួកគាត់តាមរបៀបពុករលួយ។ ដោយហេតុថា បើទោះបីពួកគាត់ដឹកទំនិញបង់ពន្ធត្រឹមត្រូវពីច្រកព្រំដែន និងច្រករបៀងយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយថ្លៃក្បាលរថយន្តឲ្យមន្ត្រីគយប្រចាំប៉ុស្ដិ៍ជជុះទាំង២កន្លែងនេះដែរ។ នៅពេលដែលពួកគាត់បង់លុយ គឺមន្ត្រីគយប្រចាំកុងត្រូលជជុះទាំង២កន្លែងនេះ មិនចេញវិក្កយបត្រត្រឹមត្រូវឡើយ ហេតុនេះហើយទើបមានការសង្ស័យថា មន្ត្រីគយទាំងនោះប្រមូលលុយតាមរបៀបពុករលួយយកទៅចែកគ្នាធ្វើមានធ្វើបាន។
មន្ត្រីគយមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កុងត្រូលជជុះនៅចំណុចម្ដុំលក់នៅក្រឡាន ផ្លូវជាតិលេខ៥ ឃុំគោកទន្លាប់ ស្រុកមង្គលបុរី គឺជាទីតាំងកុងត្រូលបិទគូថព្រោះឈ្មួញដែលអាចគេចរួចពីកុងត្រូលជជុះនៅចំណុចសាលាក្រហម មិនអាចឆ្លងផុតកុងត្រូលជជុះក្នុងស្រុកមង្គលបុរីបានឡើយ។ តាមរយៈការបង្កើតកុងត្រូលជជុះបែបនេះ អាចធ្វើឲ្យលោក ឆែ សុធា និងបក្ខពួកមួយក្ដាប់តូចប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក៏អាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍រឿងកុងត្រូលជជុះនៅចំណុចសាលាក្រហមផងដែរ?។ អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យនោះទេ ព្រោះសព្វថ្ងៃនេះលោក ឆែ សុធា អាងមានខ្នងបង្អែករឹងមាំធ្វើអ្វីស្រេចតែអំពើចិត្ត ៕
Recent Comments