ប្រជាសហគមន៍ ការពារព្រៃឈើក្នុង ស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្ ននេះឈ្មួញឈ្មោះ តេក សុខលាង ម្ចាស់ក្រុមហ៊ុនរាមណា បានធ្វើសកម្មភាព ប្រមូលទិញឈើក្នុង ស្រុកតាវែង ហើយដឹកជញ្ជូន ទៅស្តុកទុកនៅ ក្នុងស្រុកអណ្ដូងមាស យ៉ាងរលូនគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណារំខានទេ ។ ជួនកាលឈ្មួញឈ្មោះ តេក សុខលាង ប្រើអាជ្ញាប័ណ្ណដែលហួស សុពលភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើន ដោយសារតែអាងមានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ជាបង្អែកដ៏រឹងមាំរបស់ខ្លួន។ ហេតុនេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលភាពអសកម្មរបស់របស់លោក កែប កត់ និងមន្ត្រីក្រោមឱវាទខ្លះផង ព្រោះបច្ចុប្បន្ននេះមានការរិះគន់ចំៗថា លោក កែប កត់ ជាមេខ្លោងបំផ្លាញព្រៃឈើដ៏ធំក្នុងខេត្តរតនគិរី។
ប្រភពពីសកម្មជនព្រៃឈើ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថា ក្នុងចំណោមឈ្មួញធំៗដែលបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់នាពេលបច្ចុប្បន្ននេះ គឺមានឈ្មួញឈ្មោះ តេក សុខលាង ថៅកែក្រុមហ៊ុនរាមណា ផងដែរ។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ តេក សុខលាង ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗចេញពីស្រុកអណ្ដូងមាស ទៅកាន់ខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត ដោយពុំមានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបនោះទេ។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ទំនងជាទទួលផលប្រយោជន៍ជាប្រចាំពីឈ្មួញឈ្មោះ តេក សុខលាង ទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តរតនគិរី បានឲ្យដឹងថាឈ្មួញឈ្មោះ តេក សុខលាង មានអាជ្ញាប័ណ្ណក្នុងការដឹកឈើនៅស្រុកតាវែង ប៉ុន្តែឈ្មួញរូបនេះបែរជាអាចដឹកជញ្ជូនឈើចេញពីស្រុកអណ្ដូងមាស ឆ្ពោះទៅកាន់ខេត្តកំពង់ចាម យ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ដោយសារតែឈ្មួញឈ្មោះ តេក សុខលាង អាចបន្តដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសុខស្រួលបែបនេះហើយ ទើបបច្ចុប្បន្នបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងស្រុកតាវែង និងស្រុកអណ្ដូងមាស នៅតែបន្តកើតឡើងយ៉ាងរាលដាល។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកតាវែង និងស្រុកអណ្ដូងមាស បានអំពាវនាវឲ្យលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីជាបន្ទាន់ ព្រោះលោក កែប កត់ ជាអ្នកបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍៕
Recent Comments