ប្រជាសហគមន៍ ការពារព្រៃឈើនៅឃុំ មានរិទ្ធ និងឃុំទំរីង ស្រុកសណ្ដាន់ បានឲ្យដឹងថា ចាប់តាំងពីព្រៃឡង់ត្រូវបានដាក់ ជាតំបន់ការពារនិងអភិរក្ស ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងបរិស្ថានរួចមក គឺបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ ខុសច្បាប់មានសកម្មភាពកាន់តែខ្លាំងលើសមុនទៅទៀត។ ឈ្មួញធំៗដូចជា យាយឡុច តាពឿន និងតា៩៥ជាដើម នៅតែបន្តកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៃស្រុកសណ្ដាន់ យ៉ាងគគ្រឹកគគ្រេងព្រោះសមត្ថកិច្ចងាប់ត្រគាកស្ដូក និងដេកលក់អស់ទៅហើយដោយសារទទួលបានផលប្រយោជន៍ពីឈ្មួញ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ជាបន្ទាន់ ព្រោះរយៈពេល៣ខែកន្លងទៅនេះបទល្មើសមានការកើនឡើងយ៉ាងគំហុក ហើយគ្មានសមត្ថកិច្ចណាបង្ក្រាប។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថាពុំមានបទល្មើសកាប់ឈើទ្រង់ទ្រាយធំតទៅទៀតនោះ គឺបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ កើតឡើងយ៉ាងអនាធិបតេយ្យ។ ក្នុងចំណោមឈ្មួញធំៗដែលបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំនោះ គឺមានឈ្មួញម្នាក់ឈ្មោះ យាយឡុច ផងដែរហើយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញឈើឈ្មោះ យាយឡុច ឡើយ។ មានការសង្ស័យថា លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជាខ្នងបង្អែករបស់យាយឡុច ទើបឈ្មួញម្នាក់នេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ។
មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចតូចតាចក្នុងស្រុកសណ្ដាន់ បានឲ្យដឹងថា យាយឡុច គឺជាឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងស្រុកសណ្ដាន់ ឡើងដុះស្លែទៅហើយដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ យាយឡុច បានសម្រុកដឹកឈើចេញពីស្រុកសណ្ដាន់ យ៉ាងគគ្រឹកគគ្រេងហើយើមិនឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទាល់តែសោះ។ ដូច្នេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលឡើងវិញទៅលើភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកសណ្ដាន់ និងខេត្តកំពង់ធំជាបន្ទាន់ ៕
Recent Comments