ប្រជាពលរដ្ឋ ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ផ្លូវលំក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងខូចស្ទើរតែអស់ ទៅហើយដោយសារ ក្រុមហ៊ុន៩៥ប្រើរថយន្តយីឌុប តទ្រុងវែងៗដឹកជញ្ជូនរាប់សិបតោន ឆ្លងកាត់ជាញឹកញាប់ ។ ប្រជាពលរដ្ឋក្នុងឃុំមានរិទ្ធ បានឲ្យដឹងថា រយៈពេល ប្រមាណ២ខែកន្លងទៅនេះ ក្រុមហ៊ុន៩៥បង្កើនសក្មមភាព កាប់ឈើនិងដឹកជញ្ជូន ឈើចេញពីតំបន់ព្រៃឡង់ នៃស្រុកសណ្ដាន់ ដោយគ្មាន ញញើតអ្វីទាំងអស់ ដោយសារមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំជាបន្ទាន់ ព្រោះប្រជាសហគមន៍ការពារព្រៃឈើ និងមន្ត្រីសង្គមស៊ីវិល បានលើកឡើងថា ក្រុមហ៊ុន៩៥បំពានកាប់ឈើក្រៅបរិវេណដីសម្បទានរបស់ខ្លួន ហើយដឹកជញ្ជូនតាមរថយន្តធំៗបំផ្លាញផ្លូវក្នុងស្រុកសណ្ដាន់តាមអំពើចិត្ត។.
សេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះក្រុមហ៊ុន៩៥កំពុងបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើតាមរថយន្តយីឌុបតទ្រុងវែងៗដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ក្រុមហ៊ុន៩៥បំពានកាប់ឈើក្រៅបរិវេណដីសម្បទានរបស់ខ្លួន ហើយដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដោយពុំមានសមត្ថកិច្ចឬមន្ត្រីជំនាញណាចាត់វិធានការបង្ក្រាបទេ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមហ៊ុន៩៥ជាបន្ទាន់ ព្រោះបច្ចុប្បន្នព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងប្រឈមនឹងសេចក្ដីវិនាសហិនហោចជាបន្តបន្ទាប់។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចតូចតាចក្នុងស្រុកសណ្ដាន់ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពួកគាត់បានឃើញរថយន្តយីឌុបតទ្រុងវែងៗចំនួន៥គ្រឿងដឹកឈើចេញពីបរិវេណក្រុមហ៊ុន៩៥ ហើយពួកគាត់មិនដឹងថា ឈើទាំងនោះមានច្បាប់អនុញ្ញាតឬគ្មាននោះទេ។ ប្រភពខ្លះបានឲ្យដឹងថា ទោះបីក្រុមហ៊ុន៩៥មានច្បាប់អនុញ្ញាតឬគ្មានច្បាប់អនុញ្ញាត ក៏ក្រុមហ៊ុន៩៥អាចដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដែរ ព្រោះមេការក្រុមហ៊ុននេះបានឃុបឃិតជាមួយមន្ត្រីបរិស្ថានការពារព្រៃឡង់ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសណ្ដាន់ ។ ចំណែកលោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏ដូចជាលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ តែងតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមហ៊ុន៩៥បន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ៕
Recent Comments