សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរស្រុកអូររាំង បានឲ្យដឹងថាលោក សំ សុវណ្ណរិទ្ធ និងលោក ឡុញ ស៊ីថេន មិនត្រឹមតែបើកដៃឲ្យឈ្មួញនាំចូលប្រេងសាំងនិងទំនិញគេចពន្ធស្រេចតែអំពើចិត្ត គឺថែមទាំងឃុបឃិតជាមួយសមត្ថកិច្ចដទៃទៀតនៅច្រកដាក់ដាំ បើកដៃឲ្យឈ្មួញនាំចេញឈើប្រណីតច្បាប់ដោយសេរី ។ ប្រភពបានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មួញនាំចូលប្រេងសាំងតាមច្រកដាក់ដាំប្រមាណជិត១០រថយន្តស៊ីទែនធំៗ ហើយសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការត្រួតពិនិត្យឡើយ។ ការដែលឈ្មួញអាចនាំប្រេងសាំងគេចពន្ធពីទឹកដីយួនចូលតាមច្រកដាក់ដាំ មកចែកចាយក្នុងខេត្តមណ្ឌលគិរី និងខេត្តដទៃទៀត គឺជាការបំផ្លាញចំណូលពន្ធរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ហើយមន្ត្រីពុករលួយនិងឈ្មួញខិលខូចអាចប្រមូលលុយយកទៅធ្វើមានធ្វើបាន ។
ប្រធានសាខាគយខេត្តមណ្ឌលគិរី លោក សំ សុវណ្ណរិទ្ធ និងប្រធានការិយាល័យគយច្រកដាក់ដាំ លោក ឡុញ ស៊ីថេន ត្រូវបានសមត្ថកិច្ច រិះគន់ថា ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលប្រេងសាំងនិងទំនិញគេចពន្ធតាមអំពើចិត្ត ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលឈ្មួញនាំចូលប្រេងសាំងនិងទំនិញគេចពន្ធតាមច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនគួរមើលរំលងតទៅទៀតនោះទេ។ ទន្ទឹមនឹងនេះអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតលើអំពើពុករលួយរបស់លោក សំ សុវណ្ណរិទ្ធ និងលោក ឡុញ ស៊ីថេន ជាបន្ទាន់។
តាមការបង្ហើបពីមន្ត្រី នៅច្រកដាក់ដាំ បានឲ្យដឹងថា ប្រេងសាំងដែលឈ្មួញនាំចូលតាមច្រកនេះ បង់ពន្ធមិនដល់៥០ភាគរយផងទេ ?ដោយសារតែឈ្មួញឃុបឃិតជាមួយលោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយខេត្តមណ្ឌលគិរី និងលោក ឡុញ ស៊ីថេន ប្រធានការិយាល័យគយច្រកដាក់ដាំ។ មួយរយៈពេលចុងក្រោយនេះឈ្មួញនាំចូលប្រេងសាំងនិងទំនិញគេចពន្ធតាមច្រកដាក់ដាំកាន់តែច្រើនឡើងៗ ដូច្នេះលោក សំ សុវណ្ណរិទ្ធ និងលោក ឡុញ ស៊ីថេន អាចប្រមូលលុយបានយ៉ាងច្រើនសម្រាប់ចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន៕
Recent Comments