ឡានដឹកឈើ របស់តាពឿន ជួបគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់ចាប់ ឈើពេញផ្លូវ ប៉ុន្តែពុំមានមន្ត្រីជំនាញ និងសមត្ថកិច្ច ណាហ៊ានទៅជិតនោះទេ ព្រោះខ្លាចអំណាចតាពឿន ដែលមានខ្នងបង្អែកយ៉ាង គ្រាស់ក្នុងជូរដ្ថាភិបាល ។ បច្ចុប្បន្នតាពឿន នៅតែបន្ត សកម្មភាពប្រមូលទិញឈើដឹកចេញពីតំបន់ព្រៃឡង់នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ យ៉ាងពេញបន្ទុកដូចមុនដដែល ដោយមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហើយសូម្បីតែមន្ត្រីអាជ្ញាធរស្រុកសណ្ដាន់ ក៏អាចជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដែរ។ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ គឺលោក សៅ វណ្ណី ត្រូវប្រជាពលរដ្ឋរិះគន់ថា ជាអ្នកបើកដៃឲ្យតាពឿន ដឹកជញ្ជូនឈើចេញពីស្រុកសណ្ដាន់ តាមរថយន្តធំៗទាំងយប់ទាំងថ្ងៃទាំងភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក័ដោយ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈ្មោះ តាពឿន ដែលមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ឈ្មួញឈ្មោះតាពឿន បានអួតអាងប្រាប់សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញថា ខ្លួនបានខ្នងបង្អែកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងរដ្ឋសភា ហេតុនេះហើយទើបសមត្ថកិច្ចជំនាញមិនហ៊ានប៉ះពាល់ដោយសុខចិត្តទទួលយកផលប្រយោជន៍តិចតួចពីតាពឿន។ ពេលខ្លះរថយន្តដឹកឈើរបស់តាពឿន ជួបគ្រោះថ្នាក់ចរាចរណ៍ក៏គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។
សមត្ថកិច្ចតូចតាចក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា តាពឿន កំពុងតែក្លាយជាឈ្មួញឈើល្បីល្បាញជាងគេក្នុងខេត្តនេះ ព្រោះតាពឿន អាចដឹកជញ្ជូនឈើខុសច្បាប់មកចែកចាយតាមដេប៉ូក្នុងស្រុកសន្ទុក ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ដោយគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានជាមួយទេដោយតាពឿនយកញុកពេញមាត់និយាយមិនចេញ។ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងបណ្ដាស្រុកដូចខាងលើ សុខចិត្តរក្សាភាពស្ងៀមស្ងាត់ដើម្បីជាថ្នូរនឹងផលប្រយោជន៍តិចតួច បើមិនដូច្នេះទេអាចត្រូវតាពឿន ប្រើប្រាស់ឈ្មោះមន្ត្រីជាន់ខ្ពស់គំរាមកំហែងជាមិនខាន។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ពិនិត្យមើលសកម្មភាពដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះតាពឿនខ្លះផង ព្រោះដោយសារតែតាពឿន អាចដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក ទើបបទល្មើសកាប់ឈើក្នុងតំបន់ព្រៃឡង់នៅតែកើតមានយ៉ាងមហន្តរាយ៕
Recent Comments