ឈ្មួញឈើ ធី បាញ់ ដឹកឈើទៅស្រុកយួន

តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា ឈើ​ទ្រៀក​និង​ឈើ​ប្រភេទ​ផ្សេងៗ​ទៀត​ដែល​ឈ្មួញ​ឈ្មោះ ធី បាញ់ ដឹកជញ្ជូន​ទៅ​ស្រុក​យួន គឺ​គេ​ប្រមូល​ទិញ​នៅ​ចំ​ណុ​យ​ភ្នំ​ខៀវ​ក្នុងភូមិ​អូរ​កណ្ដៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ជាច្រើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ធី បាញ់ និង​បក្ខពួក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​យក​រថយន្ត​កែច្នៃ​និង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ចូល​កាប់​និង​អារច្រៀក​ឈើ​នៅ​ចំណុច​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង យ៉ាង​អនាធិបតេយ្យ ហើយ​យកមក​លក់​ឲ្យ​ពួកគេ​ក្នុង​តម្លៃថោកៗ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​សំបូរ ត្រូវគេ​ដឹងថា ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ធី បាញ់ ។

ប្រភពពី​ប្រជាពលរដ្ឋ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឈ្មោះ ធី បាញ់ ដែលជា​ឈ្មួញ​ល្បីល្បាញ​ខាង​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នាពេល​កន្លងមក​នោះ ក្រោយពេល​ផ្អាក​សកម្មភាព​មួយរយៈ​ក៏បាន​ចាប់ផ្ដើម​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ឡើងវិញ​ហើយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៃ​បណ្ដា​ឃុំ​មួយចំនួន​សងខាង​ផ្លូវជាតិ​លេខ​៧៦ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​សាំ​យ៉ុង និង​កាមរី​គូថ​ស្វិត រថយន្ត​១​បាំង​កន្លះ​ប្រមាណ​១៥​ទៅ​២០​គ្រឿង​ដឹកជញ្ជូន​ឈើ​លើ​ផ្លូវជាតិ​លេខ​៧៦​យ៉ាង​រលូន​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ឈ្មោះ ធី បាញ់ ក៏​ប្រើប្រាស់​រថយន្ត​យី​ឌុប​ភ្លៅ​៥​ដឹកជញ្ជូន​ឈើ​ទ្រៀក​ទៅ​ស្រុក​យួន ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៦​ ​។

សមត្ថកិច្ច​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ឈ្មួញ​ឈ្មោះ ធី បាញ់ និង​បក្ខពួក​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ទ្រៀក​និង​ឈើ​ប្រណីត​ចេញ​តាម​ច្រកព្រំដែន​និង​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​មេមត់ ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​លោក ទ្រី សុភ័ក្ដ្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​សំបូរ​ឡើយ​។ ផ្ទុយទៅវិញ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​បក្ខពួក​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ​៕

d-thy-banh-500x300 d-thy1-500x375